ដោយៈ គង់ សូរិយា
ភ្នំពេញៈ លោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតឱ្យឯកឧត្ដម Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។
អង្គជំនួបនាឱកាសនេះ បានផ្ដោតការពិភាក្សាលើកិច្ចសហប្រតិបត្តិការវិនិយោគ និងពាណិជ្ជកម្មរវាងសហភាពអឺរ៉ុប និងកម្ពុជាលើវិស័យនានា តាមរយៈការបើកចំហរទីផ្សារសេរី របស់កម្ពុជាលើគ្រប់វិស័យ។
ក្នុងនោះដែរ ឯកឧត្ដមឯកអគ្គរដ្ឋទូត ក៏បានរំលេចឡើងអំពីកិច្ចសហប្រតិបត្តិការវិនិយោគដោយផ្ទាល់ ពីសហភាពអឺរ៉ុបមកកាន់កម្ពុជានាពេលកន្លងមក និងបានកោតសរសើរដល់កម្ពុជា ដែលបន្តកិច្ចការងារទាក់ទាញវិនិយោគិនឥតឈប់ឈរ។
ស្របជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនឯកឧត្ដមឯកអគ្គរដ្ឋទូត អំពីគម្រោងដែលលោកគ្រោងនឹងចុះបំពេញទស្សនកិច្ច ដើម្បីទាក់ទាញវិនិយោគិនពីតំបន់អឺរ៉ុប ក្នុងឆ្នាំ២០២៤ខាងមុខនេះ។







