ដោយៈ ហ្វីអូណា
ភ្នំពេញៈ អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា លោកសួន សុផល បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូវិនិយោគិន ដែលប្រកបរបរលើវិស័យថាមពលបៃតង ក្នុងគោលបំណងបញ្ជ្រាប ការឈ្វេងយល់អំពីកាលានុវត្តភាព និងបរិយាកាសវិនិយោគ ព្រមទាំងពិគ្រោះយោបល់អំពីច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងការវិនិយោគ។
ក្នុងជំនួបនេះ លោកសួន សុផលបានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅ ជូនចំពោះគណៈប្រតិភូចិន ដែលបានអញ្ជើញធ្វើដំណើរមកកាន់ទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដោយផ្ទាល់ ក្នុងគោលដៅស្វែងយល់ឱ្យកាន់តែស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយ។
លោកបានជំរុញលើកទឹកចិត្ត ឱ្យក្រុមហ៊ុនសិក្សាលទ្ធភាពឱ្យបានច្បាស់លាស់ ហើយធ្វើការឱ្យបានជិតស្និទ្ឋ ជាមួយតួអង្គពាក់ព័ន្ធសម្រាប់ទទួលបានការគាំទ្រ សម្រាប់ការវិនិយោគក្នុងវិស័យថាមពលបៃតងនេះ ដោយហេតុថាវិស័យថាមពលបៃតង ជាវិស័យដែលរាជរដ្ឋាភិបាល បានចាត់ទុកជាអាទិភាព នៅក្រោមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងច្បាប់ស្ដីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ដែលនឹងទទួលបានការលើកទឹកចិត្តជាធរមាន ស្របតាមច្បាប់ និងបទបញ្ញត្តិពាក់ព័ន្ធ។






