ដោយៈ ស៊ីវ ម៉េង
ភ្នំពេញៈ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបើកកិច្ចប្រជុំពិគ្រោះយោបល់ ដើម្បីពិភាក្សាពង្រាងគោលនយោបាយ ដើម្បីជម្រុញការវិនិយោគនៅខេត្តព្រះសីហនុ។
លោកឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានតំណាងរដ្ឋបាលខេត្ត និងលោក វង្ស សាមិត្ត នាយករងទីចាត់ការផែនការ និងវិនិយោគរដ្ឋបាលខេត្ត អញ្ជើញចូលរួមកិច្ចប្រជុំពិគ្រោះយោបល់អន្តរក្រសួង-ស្ថាប័ន ដើម្បីពិភាក្សាលើពង្រាងគោលនយោ បាយជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។
កិច្ចប្រជុំនេះមានគោលបំណងសំខាន់ គឺដើម្បីពិភាក្សា និងពិនិត្យមើលវឌ្ឍនភាព និងបញ្ហាប្រឈម ទិដ្ឋភាពច្បាប់ សមិទ្ធិលទ្ធភាព និងវិធីសាស្ត្រទាក់ទាញវិនិយោគិនបរទេស ឲ្យមកចាប់អារម្មណ៍ធ្វើការវិនិយោគបន្ថែមនៅក្នុងខេត្តព្រះសីហនុ ព្រមទាំងជំរុញការដោះស្រាយគម្រោងវិនិយោគជាប់គាំង។
ចូលរួមក្នុងកិច្ចពិភាក្សាខាងលើ លោកអភិបាលរងបាន លើកឡើងអំពីស្ថានភាព បញ្ហាប្រឈម និងដំណោះស្រាយមួយចំនួនដែលទាមទារការចូលរួមពីរាជរដ្ឋាភិបាល ដើម្បីធ្វើឱ្យគោលនយោបាយ ដែលនឹងដាក់ចេញទៅនេះ មានលក្ខណៈកាន់តែស្រួចស្រាវ៕