ភ្នំពេញ៖ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី០៧ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការ បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មការអន្តរក្រសួង នៃតគម្រោងផ្លូវនាវាចរណ៍ “ព្រែកជីកហ្វូណនតេជោ” ក្រោមកិច្ចដឹកនាំរបស់ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានគណៈកម្មការ។
កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅនៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបផ្សេងទៀត។
សូមជម្រាបជូនថា៖ គម្រោងផ្លូវនាវាចរណ៍នេះ បានទទួលការអនុម័តគាំទ្ររាជរដ្ឋាភិបាល នីតិកាលទី៦ ក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ ដោយបានប្រសិទ្ធនាមថាគម្រោង “ព្រែកជីកហ្វូណនតេជោ”។ ដោយមើលឃើញពីអត្ថប្រយោជន៍នៃគម្រោង ចំពោះការលើកកម្ពស់សេដ្ឋកិច្ចជាតិ រាជរដ្ឋាភិបាល នីតិកាលទី៧ បានផ្ដល់ការគាំទ្រយ៉ាងពេញទំហឹង ដើម្បីពន្លឿនដំណើរការអនុវត្តគម្រោងនេះ។









