ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្នុងរយៈពេល៣៨ឆ្នាំជាប់ៗគ្នាកន្លងមកនេះ ទីតាំងដែលមានតម្លៃដីថ្លៃជាងគេបំផុតនៅប្រទេសជប៉ុន គឺនៅពីមុខហាងលក់រាយសម្ភារៈ Kyukyodo នៅតំបន់ផ្សារទំនើប Ginza ក្នុងទីក្រុងតូក្យូ។
នៅឆ្នាំ២០២៣ ដីនៅក្នុងតំបន់មួយនេះមានតម្លៃ៤២,៧២លានយ៉េន (ប្រហែល២៩៦.០០០ដុល្លារ) ក្នុងមួយម៉ែត្រការ៉េ ពោលគឺកើនឡើង១,១%បើធៀបនឹងឆ្នាំមុន។
តំបន់ Ginza ត្រូវបានគេស្គាល់ថា ជាទីតាំងដែលសម្បូរទៅដោយហាង និងភោជនីយដ្ឋានទំនើបៗជាច្រើន ដែលតែងតែជាទីពេញនិយមសម្រាប់ភ្ញៀវទេសចរចូលមកកំសាន្ត។
ទោះបីជាដីនៅតំបន់ Ginza មានតម្លៃខ្ពស់ខ្លាំងបែបនេះយ៉ាងណាក្តី ប៉ុន្តែ ទីក្រុងតូក្យូពុំមែនជាតំបន់ ដែលមានការកើនឡើងនៃតម្លៃដីច្រើនជាងគេនោះទេ។ ជាក់ស្តែង ការស្ទង់មតិបានបង្ហាញថា តម្លៃដីនៅទីក្រុងតូក្យូ ក្នុងឆ្នាំ២០២៣នេះ បានកើនឡើងត្រឹមតែ៣,២ភាគរយ ប៉ុណ្ណោះ ពោលគឺជាប់ចំណាត់ថ្នាក់ទី៤ បន្ទាប់ពីកោះហុកកៃដូ ហ្វូគូអូកា និងមីយ៉ាជី។






