ដោយៈ គង់ សូរិយា
ភ្នំពេញៈ ថ្នាក់ដឹកនាំសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា(CVEA) បានជួបជុំជាមួយសមាជិក សមាជិកាជាង១០០ក្រុមហ៊ុន ដើម្បីលើកឡើងនូវដំណោះស្រាយ សម្រាប់ឆ្នាំ២០២៤ខាងមុខ។
ប្រធានសមាគមCVEA លោកសន សៀបបានមានប្រសាសន៍ក្នុងពិធីបើកសន្និបាតនារសៀលថ្ងៃទី១១ ធ្នូនេះថា ស្ថានភាពវិស័យអចលនទ្រព្យនាពេលនេះ ទាមទារឲ្យយើងមានការរួបរួមគ្នា សហការគ្នា ទើបយើងសម្រេចបាន ជោគជ័យ”។ លោកបន្តថា “បច្ចុប្បន្នធនធានមនុស្សក្នុងវិស័យនេះ មានគុណភាព និងមានភាពត្រដំត្រសងជាមួយប្រទេសជិតខាង”។
លោកបានមានប្រសាសន៍ទៅកាន់សមាជិក សមាជិកាដែលបានចូលរួមក្នុងសន្និបាតថា មានមនុស្សជាច្រើនបាននាំគ្នារត់តាមមេអំបៅ ដើម្បីចាប់មេអំបៅ ចុះហេតុអ្វីយើងមិនរួមគ្នាធ្វើសួនច្បារឲ្យបានស្អាត ដើម្បីទាក់ទាញមេអំបៅមករកយើង។
លើសពីនេះ លោកស្រីតាំង ហួរអនុប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានមានប្រសាសន៍ថា សមាគមនឹងមានរៀបចំព្រឹត្តិការណ៍ធំមួយ នៅឆ្នាំ២០២៤ខាងមុខ តាមរយៈការរៀបចំ ផ្តល់ពានរង្វាន់ដល់ថ្នាក់ដឹកនាំក្រុមហ៊ុន ដែលជាសមាជិក សមាជិការបស់សមាគម។
ជាមួយគ្នានេះ លោកឧកញ៉ាចេង ខេងសមាជិកក្រុមប្រឹក្សាភិបាលសមាគមបានមានប្រសាសន៍ឲ្យដឹងថា ស្ថានភាពទីផ្សារអចលនវត្ថកម្ពុជា នឹងមានភាពប្រសើរ ស្របពេលធនធានមនុស្សក្នុងវិស័យនេះបានននិងកំពុងមានភាពប្រសើរ ដែលយើងអាចធ្វើការជាមួយអ្នកអភិវឌ្ឍន៍ធំៗមកពីអន្តរជាតិ។
លោកបន្តថា “ធនធានមនុស្សមានសារៈសំខាន់ណាស់ ព្រោះបើធនធានមនុស្សយើងនៅមានកម្រិត យើងនឹងមិនអាចទាក់ទាញក៏ដូចជាផ្តល់ទំនុកចិត្តដល់អ្នកវិនិយោគនោះទេ”។
សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា អាណត្តិទី៨ បាននិងកំពុងរៀបចំកម្មវិធីចំនួន២ ដូចជា ទី១ កម្មវិធីLand Matching ដែលបាននិងកំពុងពង្រីកខ្លូន និងធ្វើឡើងរៀងរាល់សប្តាហ៍ និងទី២ កម្មវិធីវាយតម្លៃអចលនទ្រព្យ ដែលនឹងបាននិងកំពុងសហការគ្នារវាងក្រុមហ៊ុនចំនួន៣២ ដើម្បីជម្រុញវិស័យនេះឲ្យមានការរីកចម្រើន និងទទួលបានទំនុកចិត្តនៅក្នុងទីផ្សារ៕






