ដោយ: គង់ លាងហួរ
អន្តរជាតិ: គម្រោងអភិវឌ្ឍអចលនទ្រព្យ Forest City នៅប្រទេសម៉ាឡេស៊ី បានក្លាយជាទីក្រុងដ៏ស្ងាត់ឈឹង ស្របពេលក្រុមហ៊ុនចិន Country Garden ដែលជាអ្នកអភិវឌ្ឍន៍គម្រោងមួយនេះកំពុងជួបប្រទះបញ្ហាហិរញ្ញវត្ថុធ្ងន់ធ្ងរ។
គិតមកដល់ពេលនេះ គេសង្កេតឃើញថា គម្រោង Forest City ដែលមានតម្លៃ១០០ពាន់លានដុល្លារ ទើបសម្រេចបានការស្ថាបនា១៥ភាគរយប៉ុណ្ណោះ ខណៈក្រុមហ៊ុនCountry Garden កំពុងជាប់ផុងក្នុងវិបត្តិបំណុលយ៉ាងធ្ងន់ធ្ងរ។
គម្រោង Forest City ត្រូវបានសាងសង់ នៅលើកោះសិប្បនិម្មិតចំនួន៤ ដែលលាតសន្ធឹងលើផ្ទៃដី ប្រមាណ៣.០០០ហិកតា ពោលគឺមានទំហំធំជាងកោះ Sentosa របស់ប្រទេសសិង្ហបុរីចំនួន៦ដង។គម្រោងនេះត្រូវបានស្ថាបនាឡើង ក្នុងគោលដៅសាងសង់ទីក្រុងមួយ សម្រាប់ប្រជាជនរស់នៅចំនួន៧០០ពាន់នាក់ ជាមួយនឹងបរិក្ខារប្រើប្រាស់ដ៏សំបូរបែប រាប់ចាប់តាំងពីការិយាល័យ រហូតដល់អគារផ្ទះល្វែង វីឡា សណ្ឋាគារ មជ្ឈមណ្ឌលពាណិជ្ជកម្ម និងសាលារៀន។
Forest City ជាគម្រោងអភិវឌ្ឍន៍អចលនទ្រព្យ ដ៏ធំបំផុតរបស់ក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យចិន Country Garden នៅក្រៅប្រទេស។ គម្រោងនេះក៏ត្រូវបានផ្សារភ្ជាប់ ទៅនឹងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ (BRI) ផងដែរ។
កាលពីឆ្នាំ២០១៨កន្លងទៅ គម្រោង Forest City បានជាប់គាំង នៅមុនការបោះឆ្នោតថ្នាក់ជាតិរបស់ម៉ាឡេស៊ី ខណៈនាយករដ្ឋមន្ត្រីម៉ាឡេស៊ីនៅពេលនោះ គឺលោក មហាធា មហាម៉ាត់ បានហៅគម្រោងនេះថា ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីប្រគល់អធិបតេយ្យភាពជាតិរបស់ម៉ាឡេស៊ីទៅឱ្យទីក្រុងប៉េកាំង។នៅពេលដែលការសាងសង់បានបញ្ឈប់ គម្រោង Forest City ស្ថិតក្នុងពាក់កណ្តាលដំណាក់កាលទី២ នៃការសាងសង់ ហើយគ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៥ ស្របតាមផែនការដើម។
គិតរហូតមកទល់ពេលនេះ អាផាតម៉ិន ប្រមាណ២៨.០០០ខ្នងត្រូវបានសាងសង់។ ផ្នែកនៃអចលនទ្រព្យ ដែលបានបញ្ចប់នេះគ្របដណ្តប់ចំណែក១៥ភាគរយនៃគម្រោងសរុប ដែលអ្នកអភិវឌ្ឍបានប្តេជ្ញានាំមកនូវជីវិតបៃតង ការគាំទ្រផ្នែកបច្ចេកវិទ្យា ទីលានវាយកូនហ្គោល និងសួនទឹក។
បច្ចុប្បន្ន គេសង្កេតឃើញថា មានមនុស្សត្រឹមតែ៩.០០០នាក់ប៉ុណ្ណោះ ដែលរស់នៅ ពោលគឺតិចណាស់បើធៀបនឹងការរំពឹងទុក។ បន្ទាប់ពីចំណាយពេលសាងសង់ អស់រយៈពេលជិតមួយទស្សវត្សរ៍មក Forest City ដែលអភិវឌ្ឍដោយក្រុមហ៊ុនអចលនទ្រព្យយក្សរបស់ចិន Country Garden បានបញ្ចប់គម្រោងនេះត្រឹមតែមួយផ្នែកប៉ុណ្ណោះ។
បច្ចុប្បន្ននេះ វាស្ទើរតែជាអគារខ្មោច ដែលគ្មានមនុស្សរស់នៅ។ អាផាតម៉ិនមួយចំនួន ក្នុងគម្រោងនេះទទួលបានការចាប់អារម្មណ៍មួយចំនួនដែរ ប៉ុន្តែអ្នកចាប់អារម្មណ៍ទាំងនោះ សុទ្ធតែជាម្ចាស់បំណុលរបស់ក្រុមហ៊ុន Country Garden ។លោក John Han ដៃគូរបស់ក្រុមហ៊ុនច្បាប់ Kobre & Kim ដែលមានមូលដ្ឋាននៅទីក្រុងញូវយ៉ក បានលើកឡើងថា គម្រោង Forest City ជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុត របស់ក្រុមហ៊ុន Country Garden នៅបរទេស។ គម្រោងខ្នាតយក្ស ដែលមិនទាន់បញ្ចប់ការសាងសង់នេះ អាចជួយម្ចាស់បំណុលរបស់ក្រុមហ៊ុន Country Garden ប្រមូលប្រាក់បានប្រហែល១,៥ពាន់លានដុល្លារ។
ក្រុមហ៊ុនចិន Country Garden កាន់កាប់ដើមទុនប្រមាណ៦០ភាគរយនៅក្នុងគម្រោងនេះ ខណៈចំណែក ដែលនៅសេសសល់ត្រូវបានកាន់កាប់ដោយក្រុមហ៊ុនឯកជន ក្នុងស្រុករបស់ម៉ាឡេស៊ី Esplanade Danga 88។ទោះជាយ៉ាងនេះក្តី គម្រោង Forest City ត្រូវបានគេប្រៀបធៀបទៅនឹង ទីក្រុងខ្មោច ស្រដៀងទៅនឹងគម្រោងធំៗជាច្រើន ដែលបានជាប់គាំងស្ទើរនៅទូទាំងប្រទេសចិន ។ យោងតាមកាសែតអាមេរិក WSJ បានចុះផ្សាយថា អាផាតម៉ិនភាគច្រើន ក្នុងគម្រោងនេះត្រូវបានទិញទុកសម្រាប់ការវិនិយោគ និងពុំមានមនុស្សរស់នៅទេ។
ជាមួយគ្នានេះ តម្លៃអាផាតម៉ិន នៅក្នុងគម្រោងខ្នាតយក្ស Forest City បានធ្លាក់ចុះយ៉ាងគំហុក ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ជាក់ស្តែង អាផាតម៉ិនមួយបន្ទប់ ដែលធ្លាប់ត្រូវបានដាក់លក់ ក្នុងតម្លៃ២៨០ដុល្លារក្នុងមួយហ្វីតការ៉េ ប៉ុន្តែពេលនេះបានធ្លាក់ចុះមកនៅត្រឹម១១៦ដុល្លារ ក្នុងមួយហ្វីតការ៉េ៕AFP៕