ដោយៈ គង់ សូរិយា
ភ្នំពេញៈ ក្រុមហ៊ុនអាកាសចរណ៍វៀតណាម Vietjetនឹងធ្វើការហោះហើរត្រង់ មកកាន់ខេត្តសៀមរាប នៅថ្ងៃទី១៥ ធ្នូខាងមុខនេះ។
ការប្រកាសបើកជើងហោះហើរនេះ ធ្វើឡើងនៅក្នុងវេទិកាជំរុញពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-វៀតណាម ឆ្នាំ២០២៣ នៅរដ្ឋធានីហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម នារសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ក្នុងឱកាសនៃដំណើរទស្សនកិចរបស់សម្តេចធិបតីហ៊ុន ម៉ាណែតទៅកាន់ប្រទេសវៀតណាម នៅដើមសប្តាហ៍នេះ។ក្រុមហ៊ុនអាកាសចរណ៍ Vietjet របស់វៀតណាម នឹងបើកដំណើរការជើងហោះហើរត្រង់ ពីរដ្ឋធានីហាណូយ មកកាន់ខេត្តសៀមរាប ចាប់ពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ ខាងមុខនេះតទៅ។
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ស្វាគមន៍ និងគាំទ្រចំពោះការចាប់ផ្តើមដំណើរការជើងហោះហើរ ត្រង់រវាងទីក្រុងហាណូយ និងខេត្តសៀមរាប ដែលជាការតភ្ជាប់ដ៏សំខាន់រវាងកម្ពុជា -វៀតណាម ដើម្បីជួយទៅដល់ការផ្លាស់ប្តូរ អ្នកទេសចរទៅវិញទៅមក រវាងប្រទេសទាំងពីរ។
សម្តេចធិបតី បានលើកឡើងអំពីជំហរ របស់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងការផ្តល់នូវកិច្ចគាំទ្រ សម្របសម្រួលចំពោះដំណើរការអាជីវកម្មរបស់ក្រុមហ៊ុន Vietjet នៅក្នុងប្រទេសកម្ពុជា និងបានលើកទឹកចិត្តឱ្យក្រុមហ៊ុន ពិនិត្យលទ្ធភាពពង្រីកគោលដៅ នៃការហោះហើរត្រង់ពីទីក្រុងដាណាំង មកកាន់រាជធានីភ្នំពេញ ក៏ដូចជា ការពិភាក្សាអំពីលទ្ធភាព នៃកិច្ចសហការជាមួយបណ្តាក្រសួង -ស្ថាប័នពាក់ព័ន្ធ របស់កម្ពុជា ក្នុងការរៀបចំកញ្ចប់សេវាកម្មទេសចរណ៍ ដើម្បីជំរុញការធ្វើដំណើររបស់អ្នកទេសចរវៀតណាម តាមVietjet Air មកកាន់ប្រទេសកម្ពុជាឱ្យបានកាន់តែច្រើន។
ប្រធានសមាគមមគ្គទេសក៍ទេសចរណ៍អង្គរ លោកខៀវ ធី បានសម្តែងការសាទរ ចំពោះដំណើរការហោះហើរត្រង់ រវាងរដ្ឋធានីហាណូយប្រទេសវៀតណាម មកកាន់ខេត្តសៀមរាប ប្រទេសកម្ពុជានេះ។
លោកមានក្តីសុទិដ្ឋិនិយមថា កំណើនភ្ញៀវទេសចរវៀតណាម នឹងកើនឡើងថែមទៀត ក្រោយពីប្រទេសទាំងពីរ សម្រេចឯកភាពជាផ្លូវការដាក់ឱ្យដំណើរការជើងហោះហើរត្រង់នេះ៕