ដោយៈ ស៊ីវ ម៉េង
ភ្នំពេញៈ ទិសទាំង៤នៃរាជធានីភ្នំពេញ មានសក្តានុពលខុសៗគ្នា ដែលជាកត្តាអំណោយផលដល់ការវិនិយោគ និងប្រកបអាជីវកម្មផ្សេងៗគ្នាផងដែរ។
តើទិញសទាំងបួន មានសក្តានុពលដូចម្តេច? លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងប្រធានKW Cambodia និងជាអ្នកអភិវឌ្ឍន៍បុរីវិមានសំណាងបង្ហាញការយល់ឃើញរបស់ខ្លួនថា ទិសខាងកើតនៅផ្លូវជាតិលេខ១ មានទន្លេសងខាង ដែលអំណោយផលដល់វិស័យទេសចរណ៍ និងលំនៅដ្ឋាន។ រីឯទិសខាងលិច នៅតាមផ្លូវជាតិលេខ៣ និងលេខ៤ គឺជាតំបន់ឧស្សាហកម្ម និងលំនៅដ្ឋានចំណូលក្រោមមធ្យម ព្រោះទិសខាងលិចជាតំបន់សម្បូររោងចក្រ និងកម្មករច្រើន។
លោកឧកញ៉ាលើកឡើងជាយោបល់ថា ប្រសិនបើចង់ឱ្យទិសខាងត្បូង នៃរាជធានីភ្នំពេញរីកចម្រើនខ្លាំង ទាល់តែកាត់បញ្ចូលទីក្រុងតាខ្មៅ និងព្រលានយន្តហោះ នៅក្នុងខេត្តកណ្តាលបច្ចុប្បន្នចូលមកក្នុងរាជធានីភ្នំពេញ ព្រោះប្រជាជនមិនសូវចង់ទិញអចលនទ្រព្យនៅតាមបណ្តាខេត្តនោះទេ។

លោកបណ្ឌិតអះអាងថា “ប្រសិនបើយើងសាងសង់វីឡា ដែលមានតម្លៃកន្លះលានដុល្លារអាមេរិកឡើងទៅ នៅប៉ែកខាងកើតរាជធានីភ្នំពេញ នោះយើងនឹងពិបាកលក់ចេញ ព្រោះកត្តាដង់ស៊ីតេ ហើយប្រជាជនកម្ពុជាមិនចូលចិត្តឆ្លងស្ពាន។ រីឯប៉ែកខាងលិច យើងអាចសាងសង់ផ្ទះ ដែលមានតម្លៃ៥ម៉ឺនដុល្លារ ហើយប្រសិនបើចង់អភិវឌ្ឍលំនៅដ្ឋានថ្លៃៗនៅប៉ែកខាងត្បូង យើងត្រូវសង់ចូលពីទីក្រុងតាខ្មៅមករាជធានីភ្នំពេញវិញ”៕




