ដោយ: គង់ លាងហួរ
ប៉េកាំង: ទីភ្នាក់ងារសារពត៌មាន Xinhua រាយការណ៍ថា ប្រទេសចិនត្រូវបានគេព្យាករណ៍ថា នឹងបើកសម្ពោធផ្សារទំនើបថ្មីប្រហែល៤០០ នៅក្នុងឆ្នាំ២០២៣នេះ។ នេះបើយោងតាមរបាយការណ៍ចេញផ្សាយកាលពីពេលថ្មីៗនេះ។
ក្នុងអំឡុងឆមាសទីមួយនៃឆ្នាំនេះ បរិមាណអតិថិជនជាមធ្យមប្រចាំថ្ងៃ នៅក្នុងផ្សារទំនើបទូទាំងប្រទេស បានកើនឡើងដល់១៨.៥០០នាក់ ពោលគឺកើនឡើងជាង៣០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមរបាយការណ៍ដែលចេញផ្សាយដោយសមាគម China Chain Store & Franchise Association ។
របាយការណ៍ខាងលើបានបន្តថា គិតត្រឹមដំណាច់ឆ្នាំ២០២២ ប្រទេសចិន មានផ្សារទំនើបប្រមាណ៦.៧០០ ដែលផ្សារទំនើបនីមួយៗ មានផ្ទៃក្រឡលើសពី៣០.០០០ម៉ែត្រការ៉េ។
-->
របាយការណ៍ដដែលបានកត់សម្គាល់ថា ទីផ្សារអ្នកប្រើប្រាស់ក្នុងប្រទេសចិន បានបង្ហាញពីភាពចម្រុះកាន់តែច្រើនឡើង ដោយទម្លាប់របស់អ្នកប្រើប្រាស់ បានវិវត្តទៅជាលំនាំចម្រុះកាន់តែច្រើន និងលំនាំ ដែលត្រូវបានប្តូរទៅតាមតម្រូវការរបស់អតិថិជន។
ក្រុមអ្នកជំនាញបានអះអាងថា ការបើកផ្សារទំនើបថ្មីនៅទីក្រុងសៀងហៃ នឹងមានការរីកដុះដាលយ៉ាងខ្លាំងនៅឆ្នាំនេះ ដែលបង្ហាញពីការងើបឡើងវិញនៃទីផ្សារដ៏រឹងមាំ និងទំនុកចិត្តក្នុងការប្រើប្រាស់។
យោងតាមរបាយការណ៍ ដែលចេញដោយក្រុមប្រឹក្សា Shanghai Council of Shopping Centers បានឱ្យដឹងថា ផ្សារទំនើបចំនួន៤៥ ដែលមានផ្ទៃក្រឡាជាង៣លានម៉ែត្រការ៉េ នឹងត្រូវបានបើកដំណើរការ នៅក្នុងទីក្រុងសៀងហៃ ពេញមួយឆ្នាំ២០២៣នេះ។
លោក Huang Zhen ប្រធានផ្នែកលក់រាយសម្រាប់ក្រុមហ៊ុនផ្តល់សេវាអចលនវត្ថុ JLL East China បានអះអាងថា ដោយសារជីវិតប្រចាំថ្ងៃ និងអាជីវកម្ម កំពុងវិលទៅរកភាពប្រក្រតី នោះការជួលតូបនៅតាមផ្សារទំនើប ទំនងជានឹងអាចកើនឡើងនៅឆ្នាំនេះ៕