ដោយៈ គង់ ម៉ាលីនណា
ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣កន្លងមកនេះ បានចេញសេចក្តីជូនដំណឹងស្តីពី ការដាក់ឲ្យប្រើប្រាស់ ប្រព័ន្ធអេឡិចត្រូនិកសលាកបត្រចូលកម្ពុជា។
សេចក្ដីជូនដំណឹង បានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានឯកភាពជាគោលការណ៍ ឲ្យអនុវត្តសាកល្បង ប្រព័ន្ធអេឡិចត្រូនិកសលាកបត្រ ចូលមកកម្ពុជាមុនពេលមកដល់ ដើម្បីបង្កលក្ខណៈងាយស្រួល ដល់អ្នកដំណើរជាជនបរទេស និងពលរដ្ឋខ្មែរ ក្នុងការបំពេញបែបបទអន្តោប្រវេសន៍បែបបទគយ និងបែបបទសុខភាព ក្នុងទម្រង់តែមួយ។
អនុវត្តតាមគោលការណ៍ របស់រាជរដ្ឋាភិបាលខាងលើនេះ ក្រសួងមហាផ្ទៃ នឹងដាក់ឲ្យប្រើប្រាស់ប្រព័ន្ធ អេឡិចត្រូនិកសលាកបត្រចូលព្រះរាជាណាចក្រកម្ពុជា មុនពេលមកដល់ ហៅជាភាសាអង់គ្លេស Cambodiae-Arrival Card នៅតាមអាកាសយានដ្ឋានអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា ដោយកំណត់តំណភ្ជាប់ចូល ទៅកាន់គេហទំព័រ www.arrival.gov.kh ឬ កម្មវិធី Cambodia e-Arrival (CeA) ដែលមាននៅក្នុង App Store និង Play Store នៅលើទូរសព្ទដៃ ឬឧបករណ៍អេឡិចត្រូនិកផ្សេងទៀត ដោយចាប់ផ្តើមអនុវត្តសាកល្បងចាប់ពី ថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤។






