ដោយ: គង់ លាងហួរ
អន្តរជាតិ: សារព័ត៌មាន The Korea Herald បានរាយការណ៍ថា ក្រុមហ៊ុន Daewoo Engineering and Construction ដែលជាក្រុមហ៊ុនសំណង់ឈានមុខគេមួយរបស់កូរ៉េខាងត្បូងកំពុងស្វែងរកឱកាសអាជីវកម្មនៅកម្ពុជា។
របាយការណ៍នេះបានលើកឡើងពីជំនួបរវាងប្រធានក្រុមហ៊ុន លោក Jung Won-ju និងលោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលបានពិភាក្សាគ្នាអំពីឱកាសអាជីវកម្មនៅកម្ពុជា។លោក Jung បានថ្លែងក្នុងពេលជួបជាមួយលោករដ្ឋមន្ត្រី ថា“ក្រុមហ៊ុន Daewoo E&C ចង់នាំមុខក្នុងការរួមចំណែកដល់ភាពប្រសើរឡើងរបស់ប្រជាជនកម្ពុជា តាមរយៈការណែនាំចំណេះដឹងផ្នែកសំណង់ដែលក្រុមហ៊ុនបានប្រមូលផ្តុំនៅក្នុងប្រទេសកូរ៉េ និងគម្រោងទីក្រុងថ្មីនានា”។
លោកបន្តថា“ក្រុមហ៊ុន Daewoo E&C ក៏មានឆន្ទៈចូលរួមនៅក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធខ្នាតធំក្នុងប្រទេសកម្ពុជាផងដែរ”។
លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ លើកឡើងថា “ឥឡូវនេះគឺជាពេលវេលាដ៏ត្រឹមត្រូវសម្រាប់ក្រុមហ៊ុន Daewoo E&C) ដើម្បីឈានជើងចូលប្រទេសកម្ពុជា ដោយសារទីផ្សារអចលនទ្រព្យរបស់ប្រទេសកម្ពុជាបាននិងកំពុងងើបឡើងវិញ”។
លោក សាយ សំអាល់ បានបន្ថែមទៀតថា ខ្ញុំសង្ឃឹមថា ក្រុមហ៊ុននានា ដូចជា Daewoo E&C នឹងដឹកនាំទីផ្សារស្របតាមផែនការជំរុញសេដ្ឋកិច្ចរបស់រដ្ឋាភិបាលកម្ពុជា។
នៅកម្ពុជា លោក Jung ក៏បានជួបជាមួយអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានធនាគារកាណាឌីយ៉ា ប្រធានក្រុមហ៊ុន WorldBridge International Group លោក សៀ ឫទ្ធី នាយកប្រតិបត្តិក្រុមហ៊ុន Shukaku លោក Lau Yao Zhong និងមន្ត្រីជាន់ខ្ពស់ផ្សេងទៀតមកពីក្រុមហ៊ុនកម្ពុជា ដើម្បីពិភាក្សាអំពីភាពជាដៃគូដែលមានសក្តានុពលរបស់ពួកគេនាពេលអនាគត។
មន្ត្រីមួយរូបមកពីក្រុមហ៊ុន Daewoo E&C បានអះអាងថា “ដំណើរទស្សនកិច្ចអាជីវកម្មថ្មីចុងក្រោយបង្អស់របស់លោក Jung ទៅកាន់បណ្តាប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍បានអនុញ្ញាតឱ្យក្រុមហ៊ុនអាចផ្សព្វផ្សាយ និងបង្កើតបណ្តាញថ្មីនៅក្នុងតំបន់”៕