ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមទិន្នន័យគយចិនបានបង្ហាញឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ ទី៧ ខែវិច្ឆិកា ថា ពាណិជ្ជកម្មរវាងប្រទេសចិន និងរុស្ស៊ីឈានដល់ទំហំទឹកប្រាក់២១៨,២ពាន់លានដុល្លារ គិតចាប់ពីខែមករា រហូតដល់ខែវិច្ឆិកា ឆ្នាំ២០២៣។
តួលេខខាងលើបានបង្ហាញថា ប្រទេសទាំងពីរសម្រេចបាននូវគោលដៅដែលបានកំណត់ក្នុងឆ្នាំ២០១៩ និងលឿនជាងកាលកំណត់រយៈពេល១ឆ្នាំ។
ជាក់ស្តែង នៅឆ្នាំ២០១៩ ប្រទេសចិន និងរុស្ស៊ីបានព្រមព្រៀងគ្នាក្នុងការបង្កើនទំហំពាណិជ្ជកម្មដល់២០០ពាន់លានដុល្លារនៅឆ្នាំ២០២៤ ពី១០៧ពាន់លានដុល្លារក្នុងឆ្នាំ២០១៨ ប៉ុន្តែ គិតត្រឹមរយៈពេល១១ខែដំបូងដើមឆ្នាំនេះ វាបានកើនលើស២០០ពាន់លានដុល្លាររួចស្រេចទៅហើយ។
ទំហំពាណិជ្ជកម្មទ្វេរភាគីរវាងប្រទេសទាំង២ ក្នុងរយៈពេល១១ខែដំបូងដើមឆ្នាំនេះ ក៏បានកើនលើសពីទំហំសរុបនៃពាណិជ្ជកម្មទ្វេរភាគីសម្រាប់ឆ្នាំ២០២២ផងដែរ។ នេះបើយោងតាមទិន្នន័យរបស់រដ្ឋបាលគយចិន។
ប្រទេសចិន ដែលជាមហាអំណាចសេដ្ឋកិច្ចទីពីររបស់ពិភពលោកបានក្លាយជាខ្សែជីវិតសេដ្ឋកិច្ចដ៏សំខាន់សម្រាប់ប្រទេសរុស្ស៊ី ដែលស្ថិតនៅក្រោមការដាក់ទណ្ឌកម្មរបស់លោកខាងលិច ស្របពេលមានសង្រ្គាមរុស្ស៊ី-អ៊ុយក្រែនដែលកំពុងបន្ត។
សម្រាប់ខែវិច្ឆិកា ពាណិជ្ជកម្មទ្វេរភាគីបានកើនឡើងដល់ទំហំទឹកប្រាក់២១,៥ពាន់លានដុល្លារ ដែលជាចំនួនខ្ពស់បំផុតគិតចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២២ និងជាពេល ដែលសង្រ្គាមនៅប្រទេសអ៊ុយក្រែនបានចាប់ផ្តើមផ្ទុះឡើង។
ការនាំចេញរបស់ចិនទៅកាន់ប្រទេសរុស្ស៊ីបានកើនឡើង៣៤% ដល់ទំហំទឹកប្រាក់១០,៣ពាន់លានដុល្លារក្នុងខែវិច្ឆិកា ធៀបនឹងឆ្នាំមុន ដែលកើនឡើងទ្វេរដង បើធៀបនឹងអត្រាកំណើន១៧% នៅក្នុងខែតុលា។ នេះបើយោងតាមការគណនារបស់សារពត៌មាន Reuters ដោយផ្អែកលើទិន្នន័យគយចិន។
ឯកអគ្គរដ្ឋទូតចិនប្រចាំនៅរុស្ស៊ីបានមានប្រសាសន៍ឱ្យដឹងកាលពីខែមុនថា ខណៈដែលរុស្ស៊ីបានក្លាយជាអ្នកទិញរថយន្តចិនដ៏សំខាន់ ដូច្នេះប្រទេសចិនសង្ឃឹមថា រុស្ស៊ីនឹងផ្តល់ការគាំទ្រគោលនយោបាយសម្រាប់សហគ្រាសផលិតរថយន្តចិនក្នុងការផលិត លក់ និងប្រតិបត្តិការនៅក្នុងប្រទេសរុស្ស៊ី។
ចំណែកឯ ការនាំចូលរបស់ចិនពីប្រទេសរុស្ស៊ីបានកើនឡើង៦% ដល់ទំហំទឹកប្រាក់១១,២ពាន់លានដុល្លារកាលពីខែវិច្ឆិកា បន្ទាប់ពីកើនឡើង៩% ក្នុងខែតុលា៕