ដោយ: គង់ លាងហួរ
បាងកក: គណៈកម្មាធិការកិច្ចការបរទេសនៃសភាថៃកំពុងជំរុញឱ្យរដ្ឋាភិបាលរបស់ខ្លួនពន្លឿនកិច្ចពិភាក្សាជាមួយកម្ពុជា ជុំវិញតំបន់ទាមទារដែនសមុទ្រត្រួតស៊ីគ្នា ដោយអះអាងថា ក្រុមបច្ចេកទេសថ្មីមួយគួរតែត្រូវបានបង្កើតឡើងដើម្បីបន្តការចរចា។
លោក Noppadon Patama ប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃសភាថៃ បានមានប្រសាសន៍ឱ្យដឹងកាលពីថ្ងៃសុក្រ ទី១៥ ខែធ្នូ ថា កិច្ចខិតខំប្រឹងប្រែង ដើម្បីដោះស្រាយបញ្ហានៅតំបន់ទាមទារត្រួតសុីគ្នាធ្លាប់បានជាប់គាំង ប៉ុន្តែការផ្លាស់ប្តូរថ្នាក់ដឹកនាំនាពេលថ្មីៗនេះនឹងផ្តល់ឱកាសសម្រាប់ការចាប់ផ្តើមការចរចាថ្មីមួយ។
លោកបន្តថាទំនាក់ទំនងដ៏ស្និទ្ធស្នាលរវាងនាយករដ្ឋមន្ត្រីថៃលោកសេដ្ឋា ថាវីសុីន និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអនុញ្ញាតឲ្យភាគីទាំងពីរបង្កើតក្របខ័ណ្ឌគោលនយោបាយ ដែលអនុញ្ញាតឲ្យអាជ្ញាធរ នៃប្រទេសទាំង២បន្តកុងសង់សុីស ឬការឯកភាពគ្នា។
លោក Noppadon បានអះអាងថា វឌ្ឍនភាពក្នុងការចរចាអាចជួយប្រទេសទាំងពីររួមគ្នាអភិវឌ្ឍតំបន់ដែលមានជម្លោះ និងប្រើប្រាស់ធនធានដ៏មានតម្លៃដើម្បីធានាសន្តិសុខថាមពល។






