ដោយ: គង់ លាងហួរ
ប៉េកាំង: ទីភ្នាក់ងារសារពត៌មានXinhua បានរាយការណ៍ថា ប្រទេសចិននឹងក្លាយជាប្រទេសនាំចេញរថយន្តច្រើនជាងគេបំផុតរបស់ពិភពលោកយ៉ាងពិតប្រាកដនៅឆ្នាំនេះ ខណៈដែលការនាំចេញរថយន្តរបស់ខ្លួនក្នុងរយៈពេល១០ខែដំបូង ឆ្នាំនេះ បានកើនឡើងដល់៣,៩លានគ្រឿង។
លោក Wang Xia មន្ត្រីរបស់ក្រុមប្រឹក្សាចិនសម្រាប់ការជំរុញពាណិជ្ជកម្មអន្តរជាតិ បានធ្វើការកត់សម្គាល់យ៉ាងដូចនេះនៅក្នុងពិព័រណ៍រថយន្តអន្តរជាតិ-ក្វាងចូវលើកទី២១។
លោក Wang បានបន្តថា ឧស្សាហកម្មរថយន្តរបស់ប្រទេសចិនបានបោះជំហានដ៏រឹងមាំមួយឆ្ពោះទៅរកការធ្វើអន្ដរជាតូបនិយកម្ម ទោះបីជាបរិយាកាសអន្តរជាតិមានភាពស្មុគស្មាញ និងធ្ងន់ធ្ងរយ៉ាងណាក្តី។
នៅក្នុងត្រីមាសទីមួយ ប្រទេសចិនបាននាំចេញរថយន្តចំនួន១,០៧លានគ្រឿង ដែលវ៉ាដាច់ប្រទេសជប៉ុនជាលើកដំបូងដើម្បីក្លាយជាប្រទេសនាំចេញរថយន្តដ៏ធំបំផុតរបស់ពិភពលោក។ ចំណែកក្នុងរយៈពេល១០ខែដំបូងឆ្នាំនេះ ទំហំនៃការនាំចេញសម្រេចបានកំណើន៥៩,៧ភាគរយ ដល់៣,៩២លានគ្រឿងបើធៀបនឹងឆ្នាំមុន។






