កំណាត់ផ្លូវជាតិលេខ៣កំពត វាលរេញនៅតែមិនទាន់មានដំណោះស្រាយ

0

ដោយៈ គង់ សូរិយា

កំពតៈ លោកប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួង និងមន្ត្រីបច្ចេកទេ​ស ចុះពិនិត្យស្ថានភាពកំណាត់ផ្លូវជាតិ៣ កំពត-វាលរេញ ជាពិសេស ពីចំណុចត្រពាំងរពៅ ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត ទៅដល់ផ្លូវបំបែកវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ប្រវែងប្រមាណ២០គីឡូម៉ែត្រ ដែលកំពុងរងការខូចខាត។

ដោយមើលឃើញពីការលំបាក របស់បងប្អូនប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរឆ្លងកាត់ផ្លូវ ដែលខូចខាតខ្លាំងមួយកំណាត់នេះ លោករដ្ឋមន្ត្រី បានណែនាំឱ្យក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន CRBC ពន្លឿននីតិវិធីក្នុងការចរចារ និងជជែកពិភាក្សាលម្អិតក្នុងទិដ្ឋភាពបច្ចេកទេស និងហិរញ្ញវត្ត្ថុ ហើយបន្តបញ្ជូនទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយ មុនដាក់ជូនប្រមុខរាជរដ្ឋាភិបាល គោរពស្នើសុំសេចក្តីសម្រេច ដើម្បីអាចឈានដល់ការបើកការដ្ឋានស្ថាបនាឡើងវិញជាផ្លូវការ នាពេលអនាគត។

នៅចំពោះការខូចខាតនេះ លោករដ្ឋមន្ត្រី ក៏បានស្នើសុំការអធ្យាស្រ័យពីសំណាក់បងប្អូនប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់កំណាត់ផ្លូវនេះទាំងអស់ ចំពោះការបង្កឱ្យមានការលំបាក ក្នុងការធ្វើដំណើរ និងយឺតយ៉ាវពេលវេលា។

កំណាត់ផ្លូវជាតិលេខ៣ (កំពត-វាលរេញ) មានប្រវែងសរុប ៥៤,៣ គ.ម ក្នុងនោះធនាគារពិភពលោកបានផ្ដល់ថវិកាស្ដារកំណាត់ផ្លូវនេះបានចំនួន៣៤គីឡូម៉ែត្ររួចហើយ ដោយឡែកកំណាត់ផ្លូវពីចំណុចត្រពាំងរពៅ ដល់វាលរេញ ត្រូវបានសាងសង់ និងលើកកម្រិតគុណភាពជាច្រើនលើកច្រើនសារមកហើយ ប៉ុន្តែកំណាត់ផ្លូវប្រវែងប្រមាណ២០គីឡូម៉ែត្រខាងលើនេះ តែងតែរងការខូចខាតទៅវិញ បន្ទាប់ពីការសាងសង់រួចរយៈពេលខ្លី។

ការណ៍ដែលកំណាត់ផ្លូវនេះ ធ្វើហើយឆាប់ខូចទៅវិញ គឺដោយ​សារតែស្ថានភាពដីនៅតំបន់នេះ ជាប្រភេទដីស្អុយ បៀមទឹកខ្លាំង ដែលមានជម្រៅប្រមាណអតិបរមាជិត១៨ម៉ែត្រ (ដោយកន្លែង)។

ដើម្បីឱ្យការសាងសង់កំណាត់ផ្លូវនេះ ឡើងវិញជាប់ធន់បានយូរ ទាមទារការប្រើប្រាស់បច្ចេកសាងសង់ខ្ពស់ ជាពិសេសការសាងសង់គ្រឹះទម្រស្រទាប់កម្រាលផ្លូវតែម្តង។ ក្នុងកំណាត់៥គ.ម ដែលមានដីស្អុយជម្រៅរហូតដល់១៨ម៉ែត្រ នៅផ្នែកខាងក្រោម តម្រូវឱ្យធ្វើការវាយសសរគ្រឹះដល់ជម្រៅ១៨ម៉ែត្រ ដើម្បីធ្វើឱ្យកំណាត់នេះរឹងមាំ ដោយឡែក ចំពោះកំណាត់១៥គីឡូម៉ែត្រទៀត ត្រូវពង្រឹងគ្រឹះខាងក្រោម រួចហើយចាក់បេតុងកម្រាស់២៦ស.មលើវា ទើបផ្លូវនេះមានភាពរឹងមាំជាប់បានយូរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here