ដំណឹងល្អៈកម្ពុជាជាប់ចំណាត់ថ្នាក់លេខ៥ក្នុងចំណោមទិសដៅធ្វើដំណើរចូលឆ្នាំថ្មីកំពូលទាំង១០នៅអាស៊ី

0

ដោយៈ គង់ ហ្វីអូណា

ភ្នំពេញៈ យោងតាមសេចក្តីប្រកាសរបស់12Go បានឱ្យដឹងថា ប្រទេសចំនួន១០ ដែលលេចធ្លោជាងគេគឺប្រទេសថៃ វៀតណាម ហ្វីលីពីន ឥណ្ឌា កម្ពុជា ឥណ្ឌូនេស៊ី ស្រីលង្កា ឡាវ ម៉ាឡេស៊ី និងជប៉ុន។

តាមការវាយតម្លៃរបស់ស្ថាប័ននេះ បានរកឃើញថាកម្ពុជាទទួលបានចំណាត់ថ្នាក់ទី៥ ជាមួយនឹងគោលដៅទេសចរណ៍ សម្រាប់ពិធីបុណ្យចូលឆ្នាំថ្មី រួមមាន រាជធានីភ្នំពេញ ក្រុងព្រះសីហនុ និងខេត្តសៀមរាប។ចំណែកប្រទេស​ថៃ​ជាប់​ចំណាត់​ថ្នាក់​កំពូល ដោយ​ខេត្ត​ឈៀងម៉ៃ និង​បាងកក ​ផ្តល់​ជម្រើស​ដ៏​ល្អ​សម្រាប់​អ្នក​ធ្វើ​ដំណើរ​ទាំង​អស់ ខណៈ​កន្លែង​កំពូល​ សម្រាប់​អ្នកធ្វើដំណើរផ្សងព្រេងម្នាក់ឯង ​គឺ​កោះ​ផាង៉ាន ខណៈការធ្វើដំណើរជាលក្ខណៈ​គ្រួសារ គឺនៅ​កោះ​សាមុយ។

នៅ​លំដាប់​ទី​២ គឺ​ប្រទេស​វៀតណាម ដែល​មាន​ទីក្រុងដាណាងទីក្រុង​ហាណូយ និង​ទីក្រុង​ហូជីមិញ។ ទីក្រុង​សាប៉ា គឺជាកន្លែងសម្រាកក្នុងរដូវរងាសម្រាប់ក្រុមគ្រួសារ ខណៈពេលដែលផ្លូវដ៏មមា​ញឹករបស់ទីក្រុងហាណូយ កំពុងរង់ចាំអ្នកដំណើរផ្សងព្រេងម្នាក់ឯង។

រីឯប្រទេសហ្វីលីពីនស្ថិតក្នុងចំណាត់ថ្នាក់ទី៣ ដោយសន្យាថានឹងមានការប្រារព្ធពិធីចូលឆ្នាំថ្មីដ៏ពិសេស ដោយទីក្រុងម៉ានីល និង អែល នីដូ លេចធ្លោជាគោលដៅពេញនិយម សម្រាប់អ្នកធ្វើដំណើរទាំងអស់។ អ្នកធ្វើដំណើរម្នាក់ឯងតែងតែជ្រើសរើស ទីក្រុង លីហ្គាស្ពី ខណៈពេលការធ្វើដំណើរជាមួយមិត្តភក្តិ និងគូស្នេហ៍ចូលចិត្ត ទីក្រុង កូរ៉ុន ហើយជាលក្ខណៈក្រុមគ្រួសារ គឹទៅ អែល បាហ្គុយ ដ៏គួរឱ្យទាក់ទាញ។

ប្រទេសឥណ្ឌាជាប់ចំណាត់ថ្នាក់ទី៤ ដែលទីក្រុង អាហ្គ្រា ទីក្រុង ចាយពួ និងទីក្រុងដេលី ជាជម្រើសចម្បងសម្រាប់ការធ្វើដំណើរឆ្នាំថ្មីក្នុងចំណោមអ្នកធ្វើដំណើរទាំងអស់ ខណៈដែលរដ្ឋ Goa ក៏ទាក់ទាញការធ្វើដំណើរលក្ខណៈក្រុមគ្រួសារក្នុងរដូវកាលនេះ។

ចំណាត់ថ្នាក់ទី៦ គឺឥណ្ឌូណេស៊ី ដែលមានកន្លែងទេសចរណ៍កំពូល កោះបាលី និងកោះហ្គីលី។ អ្នកធ្វើដំណើរម្នាក់ឯង និងក្រុមគ្រួសារតែងតែទៅទីក្រុង Sanur ខណៈដែលកោះ Nusa Penida គឺជាជម្រើសដ៏ល្អ សម្រាប់ការធ្វើដំណើរជាលក្ខណៈមិត្តភក្តិ និងគូស្នេហ៍។ ប្រទេស​ស្រីលង្កា​ស្ថិតក្នុងចំណាត់ថ្នាក់​ទី៧ ​ដោយ​ទាក់ទាញ​អ្នក​ធ្វើ​ដំណើរ​ជាមួយ​នឹង​គោលដៅ​កំពូល ​ដូចជា ទីក្រុង Ella ទីក្រុងKandy និង ទីក្រុងNuwara Eliya។

ទីក្រុង Colomboគឺជាជម្រើសធ្វើដំណើរម្នាក់ឯង រីឯទីក្រុង Nuwara Eliya គឺល្អសម្រាប់គូស្វាមីភរិយា និងក្រុមគ្រួសារ។

ឡាវ​ដណ្តើម​បាន​ចំណាត់​ថ្នាក់​ទី៨ ​ដែលមាន​ទីក្រុង វ៉ាង វៀងទីក្រុងវៀងច័ន្ទន៍ និង ទីក្រុង លួង ប្រាបាង។ ប្រទេសម៉ាឡេស៊ី ដែលមានគោលដៅល្បីៗដូចជា គូឡាឡាំពួ ប៉េណាង និងឡាំងកាវី ផ្តល់វិស្សមកាលពិសេស គឺជាប់ចំណាត់ថ្នាក់ទី៩។

ប្រទេសជប៉ុនស្ថិតក្នុងចំណាត់ថ្នាក់ទី១០ ជាមួយទីក្រុងអូសាកាទីក្រុងតូក្យូ និងទីក្រុងក្យូតុ ជាជម្រើសដ៏ល្អសម្រាប់ដំណើរកម្សាន្តឆ្នាំថ្មីដែលទាក់ទាញអ្នកធ្វើដំណើរទាំងអស់។

តាមរយៈការវិភាគសំបុត្រ ដែលបានលក់ពេញមួយឆ្នាំ 12Go បានកំណត់ទិសដៅទេសចរណ៍កំពូល ដែលសមរម្យសម្រាប់អ្នកធ្វើដំណើរតាមក្រុមផ្សេងៗគ្នា រួមទាំងអ្នកធ្វើដំណើរម្នាក់ឯង គូស្នេហ៍ គ្រួសារ និងមិត្តភក្តិ៕

LEAVE A REPLY

Please enter your comment!
Please enter your name here