ដោយៈ គង់ សូរិយា
ព្រះសីហនុៈ អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ លោកគួច ចំរើន និងលោក Cui Wei អគ្គលេខាធិការរងសាលាខេត្តជាំងស៊ូ អញ្ជើញចូលរួមវេទិកាលើកកម្ពស់វិស័យសំណង់ រវាងខេត្តជាំងស៊ូ(ចិន)-ខេត្តព្រះសីហនុ។
វេទិកានេះ មានការចូលរួមពីប្រតិភូខេត្តជាំងស៊ូ លោក លោកស្រីអភិបាលរងខេត្ត អភិបាលក្រុង ស្រុក ប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធប្រធានសភាពាណិជ្ជកម្មខេត្ត និងវិស័យឯកជន ក្នុងនោះមានក្រុមហ៊ុនឯកជនក្នុងវិស័យសំណង់ ឧស្សាហកម្ម ពាណិជ្ជកម្ម ហរិញ្ញវត្ថុ និងទេសចរណ៍ ក្នុងខេត្តជាំងស៊ូ និងខេត្តព្រះសីហនុ ប្រមាណ៦០ក្រុមហ៊ុន។ 

ក្រុមការងារអន្តរក្រសួង និងរដ្ឋបាលខេត្តព្រះសីហនុ បាននិងកំពុងធ្វើការរួមគ្នា ដើម្បីកំណត់ហ្សូនទីតាំង អាគារជាប់គាំងជាង៤០០ ដែលបានកំណត់អត្តសញ្ញាណរួច ដើម្បីជម្រុញការរៀបចំនិងស្ថាបនាអាគារទាំងនោះឡើងវិញ តាមរយៈយន្តការរបស់រដ្ឋាភិបាល ដែលបានផ្តល់ការលើកលែងពន្ឋសំខាន់ៗមួយចំនួន ដូចជា ការនាំចូលសម្ភារៈសំណង់ ការលើកលែងនិតិវិធីទាក់ទង នឹងអាជ្ញាប័ណ្ណនៃការសាងសង់ឡើងវិញជាដើម។
ទោះជាយ៉ាងណាមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាល ដែលទទួលបន្ទុកដោះស្រាយបញ្ហាអាគារជាប់គាំងទាំងនោះ បានលើកឡើងក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះថា ការដោះស្រាយបញ្ហាអាគារជាប់គាំងនៅក្រុងព្រះសីហនុ មានភាពស្មុគ្រស្មាញខ្លាំង ពិបាកក្នុងការដោះស្រាយ ដោយសារម្ចាស់ដី បានរឹបអូសយកអាគារជាប់គាំង ដែលសាងសង់ដោយអ្នកវិនិយោគចិន ក្រោមហេតុផលថា ចិនមិនបង់ថ្លៃដីជូនពួកគេ និងករណីស្មុគ្រស្មាញជាច្រើនទៀត។






