ដោយៈ និស្ស័យ
ភ្នំពេញៈ ម៉ាកពាណិជ្ជកម្មចំនួន៣១ ដែលបង្កើតដោយសហគ្រិនស្ត្រី ត្រូវបានចុះបញ្ជីកម្មសិទ្ធិបញ្ញាដោយជោគជ័យ នៅនាយកដ្ឋានកម្មសិទ្ធិបញ្ញានៃក្រសួងពាណិជ្ជកម្ម ខណៈម៉ាកចំនួន៣០ម៉ាក បន្ថែមទៀត កំពុងបន្តស្នើសុំចុះបញ្ជីម៉ាក នៅនាយកដ្ឋានកម្មសិទ្ធិបញ្ញាបន្តទៀតផងដែរ។
ប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា និងជាប្រធានលេខាធិការដ្ឋានគណៈកម្មធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញាលោកសួន វិជ្ជាបានមានប្រសាសន៍ឲ្យដឹងកាលពីសប្តាហ៍មុនថា គម្រោងនៃការលើកកម្ពស់ចំណេះដឹង នៃការប្រើប្រាស់កម្មសិទ្ធិបញ្ញា សម្រាប់សហគ្រិនស្ត្រី គឺបានផ្តល់អត្ថប្រយោជន៍យ៉ាងច្រើន ដល់សហគ្រិនស្ត្រីកម្ពុជា តាមរយៈការផ្តល់ឱកាស និងជំរុញឱ្យស្ត្រីបង្កើតគំនិតច្នៃប្រឌិត និងផលិតផលថ្មីៗ។
-->
បន្ថែមពីនេះ ស្រ្តីក៏អាចប្រើប្រាស់នូវគំនិតច្នៃប្រឌិត និងផលិតផលកម្មសិទ្ធិបញ្ញានេះ ដើម្បីទទួលបានការគាំទ្រហិរញ្ញវត្ថុ និង អាចផ្តល់សិទ្ធិឱ្យភាគីផ្សេងទៀត អាចប្រើប្រាស់នូវកម្មសិទ្ធិបញ្ញា ដោយការផ្តល់អាជ្ញាបណ្ណកម្មសិទ្ធិបញ្ញា ដែលម្ចាស់សិទ្ធិនឹងទទួលបាននូវកម្រៃត្រឡប់មកវិញ។
លោក សួន វិជ្ជា លើកឡើងបែបនេះនៅក្នុងសិក្ខាសាលាថ្នាក់ជាតិស្តីពី “ការបញ្ចប់គម្រោងស្តីពី ការលើកកម្ពស់ចំណេះដឹងនៃការប្រើប្រាស់កម្មសិទ្ធិបញ្ញា សម្រាប់សហគ្រិនស្តី លើការកសាងកេរ្តិ៍ឈ្មោះ ការអភិវឌ្ឍផលិតផល និងការធ្វើពាណិជ្ជកម្ម”។
លោកបានបន្តថា សហគ្រិនស្ត្រីមួយចំនួន មិនបានចុះបញ្ជីការពារកម្មសិទ្ធិបញ្ញា ដែលកត្តានេះបណ្តាលមកពីកង្វះខាត ចំណេះដឹងមូលដ្ឋានកម្មសិទ្ធិបញ្ញា និងការដែលមិនទាន់យល់ដឹង ពីអត្ថប្រយោជន៍របស់កម្មសិទ្ធិបញ្ញាសម្រាប់អាជីវកម្មរបស់ខ្លួន។
លោកបានបន្ថែមថា ដោយសារកត្តានេះ នាយកដ្ឋានកម្មសិទ្ធិបញ្ញានិងអង្គការWIPO បានអនុវត្តគម្រោងនេះ ដោយជ្រើសរើសសហគ្រិនស្ត្រីចំនួន ៧០ រូប មកពីទូទាំងប្រទេស នឹងបានបែងចែកជា ៧ ក្រុម ដើម្បីចូលរួមក្នុងកម្មវិធីបង្វឹក (Mentorship program)៕