ដោយ: គង់ លាងហួរ
ភ្នំពេញ: សេដ្ឋវិទូកម្ពុជា លោកបណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សាជាន់ខ្ពស់នៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ បានមានប្រសាសន៍ឱ្យដឹងថា សេដ្ឋកិច្ចកម្ពុជា ដំណើរការទៅមុខបានយ៉ាងរលូនល្អបំផុត ក្នុងយុគសម័យមុនជំងឺកូវីដ-១៩ ជាមួយនឹងកំណើនសេដ្ឋកិច្ចក្នុងរង្វង់៧,១ ភាគរយក្នុងឆ្នាំ២០១៩។ នេះបើយោងតាមធនាគារពិភពលោក។
លោកបណ្ឌិតបានបញ្ជាក់ប្រាប់សារពត៌មាន Xinhua កាលពីថ្ងៃច័ន្ទ ទី១៨ ខែធ្នូ ថា “ជាអកុសលជំងឺកូវីដ-១៩ បានវាយលុកមកលើសេដ្ឋកិច្ចរបស់យើងយ៉ាងធ្ងន់ធ្ងរ ដូចដែលបានកើតឡើង ចំពោះគ្រប់ប្រទេសដែរ ខណៈស្ថាប័នធំៗបានព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជានឹងកើនឡើងចន្លោះពី៥,៣ភាគរយ ទៅ៥,៦ភាគរយប៉ុណ្ណោះ ក្នុងឆ្នាំ២០២៣នេះ”។
លោកបន្តថា ទោះជាយ៉ាងនេះក្តី កំណើនសេដ្ឋកិច្ច ដែលបានព្យាករខាងលើ គឺមានសភាពល្អបំផុត បើធៀបនឹងរយៈពេល៣ឆ្នាំចុងក្រោយនេះ។
-->
លោកបណ្ឌិត ម៉ី កល្យាណ បានបន្តថា រដ្ឋាភិបាលកំពុងចាត់វិធានការយ៉ាងសកម្ម ក្នុងគោលបំណងកែលម្អបរិយាកាសធុរកិច្ច ធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធ និងភស្តុភារ និងការអភិវឌ្ឍន៍ធនធានមនុស្ស ជាពិសេសគឺជំនាញជាក់ស្តែង។
លោកបានបន្ថែមថា “វិធានការទាំងនេះ នឹងពន្លឿនកំណើនសេដ្ឋកិច្ច ហើយក្នុងពេលជាមួយគ្នានេះ វានឹងធានានូវភាពធន់នៃសេដ្ឋកិច្ច និរន្តរភាព បរិយាប័ន្ន និងការប្រកួតប្រជែង”។
លោកបណ្ឌិត ម៉ី កល្យាណ បានអះអាងថា វិធានការទាំងនេះក៏នឹងធ្វើឲ្យប្រសើរឡើងនូវជំហររបស់កម្ពុជា ក្នុងការទាញយកអត្ថប្រយោជន៍កាន់តែច្រើន តាមរយៈកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (CCFTA) ដែលនឹងជួយជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា។
លើសពីនេះ ធនាគារពិភពលោកបានអះអាង កាលពីចុងខែវិច្ឆិកាថា កំណើនសេដ្ឋកិច្ចរបស់កម្ពុជា នឹងសម្រេចបានក្នុងអត្រា៥,៤ភាគរយនៅឆ្នាំនេះ និង៥,៨ភាគរយនៅឆ្នាំ២០២៤ ដែលនឹងជំរុញដោយការកើនឡើង នៃការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងការទាញយកអត្ថប្រយោជន៍ ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីក្នុងតំបន់។
យោងតាមធនាគារពិភពលោកបានឱ្យដឹងទៀតថា ក្នុងរយៈពេលខ្លី ផលប៉ះពាល់អវិជ្ជមានត្រួតស៊ីគ្នាពីជំងឺរាតត្បាត ជម្លោះរុស្ស៊ី-អ៊ុយក្រែន និងអត្រាការប្រាក់ដ៏ខ្ពស់ នៅលើទីផ្សារអន្តរជាតិត្រូវបានគេរំពឹងថា នឹងបន្តរារាំងកំណើនសេដ្ឋកិច្ចរបស់កម្ពុជា។
ធនាគារពិភពលោកបានបន្ថែមថា “ដោយសម្លឹងឆ្ពោះទៅមុខ កំណើនសេដ្ឋកិច្ចកម្ពុជា អាចរងផលប៉ះពាល់បន្ថែមទៀត ដោយសារការថយចុះ នៃតម្រូវការនៅលើពិភពលោក ឬការស្ទុះងើបឡើងវិញនៃតម្លៃប្រេង និងតម្លៃអាហារ”៕Xinhua៕