ដោយៈ ម៉ាលីនណា
ភ្នំពេញៈ កម្ពុជាសម្រេចបានទឹកប្រាក់ប្រមាណ៨១០០លានដុល្លារអាមេរិក ទីទំហំពាណិជ្ជកម្មនាំចេញ ទៅកាន់សហរដ្ឋអាមេរិកក្នុងរយៈពេល១១ខែឆ្នាំនេះ។ នេះបើតាមរបាយការណ៍អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
ទិន្នន័យដដែលបានបង្ហាញថា សម្រាប់ខែវិច្ឆិកា ការនាំចេញរបស់កម្ពុជា ទៅអាមេរិកសម្រេចបានជាង៦៤៥លានដុល្លារ កើនឡើង៧.៦ភាគរយ បើធៀបនឹងឆ្នាំ២០២២ ដែលសម្រេចបានជិត៦០០លានដុល្លារប៉ុណ្ណោះ។ទំនិញសំខាន់ៗដែលកម្ពុជា នាំទៅអាមេរិក មានដូចជា សម្លៀកបំពាក់ ផលិតផលធ្វើដំណើរ ស្បែកជើង គ្រឿងបង្គុំអេឡិចត្រូនិកអគ្គិសនី និងកង់ ខណៈទំនិញអាមេរិកនាំមកកម្ពុជា មានដូចជា រថយន្ត ឧបករណ៍អេឡិចត្រូនិក គ្រឿងម៉ាស៊ីន ផលិតផលប្រើបច្ចេកវិទ្យាទំនើបៗ និងឱសថ ជាដើម។
កាលពីឆ្នាំ២០២២ ទំហំពាណិជ្ជកម្មទ្វេរភាគីកម្ពុជា -អាមេរិក មានទឹកប្រាក់សរុបជាង៩,២ ពាន់លានដុល្លារ កើនឡើង១៨,៦ ភាគរយបើធៀបឆ្នាំ២០២១ ដែលមានចំនួន ៧, ៨២៦ ពាន់លានដុល្លារ៕