ដោយៈ ជេស៊ីកា
ភ្នំពេញៈ អាជីវកម្មជាច្រើនបានរងផលប៉ះពាល់ ក្នុងស្ថានភាពវិបត្តិសេដ្ឋកិច្ច និងស្ថានភាពពិភពលោកកំពុងវិលវល់បែបនេះ។
អ្នកជំនួញនានា បានប្រើប្រាស់នូវយុទ្ឋសាស្រ្តខុសៗគ្នា ដើម្បីទប់លំនឹងក្រុមហ៊ុនរបស់ខ្លួន និងមានឱកាសអាចរីកចម្រើនបន្តទៅមុខបាន ជាមួយនឹងការចាកចេញពីហានិភ័យ។
តើយុទ្ឋសាស្រ្តអ្វី ដែលគួរទាញយកមកប្រើប្រាស់នាពេលនេះ? អ្នកជំនាញបានលើកឡើងថា យុទ្ឋសាស្រ្តដែកឆក់ គឺមានភាពចាំបាច់ត្រូវយកមកប្រើប្រាស់នាពេលនេះ ដែលមានន័យថា ម្ចាស់អាជីវកម្មនានាគួរទាញផ្គុំនូវអ្នកជំនាញ ឬអ្នកពូកែៗមកធ្វើការរួមគ្នា ដើម្បីរិះគិត រកមធ្យោបាយ និងដាក់ចេញយុទ្ឋសាស្រ្តផ្សេងៗ ដើម្បីអាចធ្វើឲ្យអាជីវកម្មរបស់ខ្លួនអាចរីកចម្រើនបាន។
អ្នកជំនាញបានលើកឡើងថា ការផ្គុំកំលាំងគ្នា តាមបែបរូបមន្តដែកឆក់ អាចធ្វើឲ្យផ្ការីកបាន ប៉ុន្តែតើការរីកបែបផ្កាដែក ឬផ្កាអ្វី វាអាស្រ័យលើស្ថានភាព និងយុទ្ឋសាស្រ្តដែលយើងបានដាក់ចេញ និងស្របតាមបរិបទសម័យកាលនិមួយៗ។
ប៉ុន្តែអ្វីកាន់តែសំខាន់ថា តើផ្ការីកបានយូរប៉ុណ្ណា មាននិរន្តរភាពបែបណា វាអាស្រ័យលើផ្នត់គំនិតរបស់អ្នកដើរជាមួយយើងថា តើពួកគេមានស្មារតីរួបរួមឬអត់ មានស្មារតីសហគ្រិនភាពដែរឬទេ? ហើយពួកគេជាអ្នកណា និងមានគោលដៅរួមជាមួយយើងឬអត់ផងដែរ៕






