ដោយៈ ជេស៊ីកា
ភ្នំពេញៈ ការផ្សព្វផ្សាយព័ត៌មានអាក្រក់ពីកម្ពុជា ដោយស្ថាប័នសារព័ត៌មានគ្មានវិជ្ជាជីវៈ និងក្រមសីលធ៌ម ពិតជាបានធ្វើឲ្យប៉ះពាល់កេរ្ត៍ឈ្មោះប្រទេសនេះ ប៉ុន្តែមិនទាំងស្រុងឡើយ។
ជាក់ស្តែងអ្នកវិនិយោគមកពីកោះតៃវ៉ាន់ ម៉ាឡេស៊ី ទីក្រុងហុងកុង ពួកគេមានការភ្ញាក់ផ្អើលគ្រប់ៗគ្នា ពេលពួកគេមកកាន់កម្ពុជាជាលើកដំបូង ដោយពួកគេមើលឃើញកម្ពុជាមានភាពវិជ្ជមាន និងឱកាសច្រើនសម្រាប់វិនិយោគ មិនដូចការផ្សព្វផ្សាយតាមបណ្តាញសារព័ត៌មាននានាឡើយ។
ក្នុងជំនួបដែលរៀបចំឡើង ដោយអ្នកអភិវឌ្ឍន៍មកពីទីក្រុងហុងកុង នៅទីក្រុងភ្នំពេញ ដែលបានធ្វើឡើងនៅក្នុងគំរោងUrban Village អ្នកវិនិយោគភាគច្រើន បានសម្រេចចិត្តទិញខុនដូនៅក្នុងគំរោងអភិវឌ្ឍន៍ដ៏ធំនេះ។អ្នកវិនិយោគមកពីទីក្រុងហុងកុងមួយរូប បាននិយាយក្នុងវេទិកាដែលបានរៀបចំឡើង កាលពីរាត្រីថ្ងៃទី១៩ ធ្នូថា “ខ្ញុំស្បថ បើសិនជាគ្មានAPCទេ ខ្ញុំនឹងមិនមកកម្ពុជាជាដាច់ខាត”។
លោកបន្តថា “អ្វីខ្ញុំឃើញនៅទីនេះ គឺមានឱកាសវិនិយោគច្រើនណាស់នៅទីក្រុងភ្នំពេញ ប្រជាជននៅទីនេះរួសរាយរាក់ទាក់ និងមានស្នាមញញឹមយ៉ាងកក់ក្តៅ នៅគ្រប់ទីកន្លែង មិនដូចសារព័តមាន ដែលខ្ញុំបានអានថា ប្រទេសនេះ ពោរពេញដោយបញ្ហាឧក្រិដ្ឋកម្មនោះទេ”។APC ជាក្រុមហ៊ុនរៀបចំព្រឹត្តិការណ៍ លំដាប់អន្តរជាតិមួយនៅប្រទេសម៉ាឡេស៊ី ដែលតែងតែរៀបចំជំនួបអ្នកធុរកិច្ច និងផ្តល់ពានរង្វាន់ដល់អ្នករកស៊ីឆ្នើមនៅទូទាំងតំបន់អាស៊ាន កោះតៃវ៉ាន់ ចិន កូរ៉េ និងអ្នកវិនិយោគមកពីប្រទេសជប៉ុនជាដើម។ ស្ថាប័នAPC ត្រូវបានដឹកនាំ និងគ្រប់គ្រងដោយលោកDATO Dr Albert Tan ។
លោកបណ្ឌិតBen Li អគ្គនាយកក្រុមហ៊ុនUrban Land ដែលកំពុងវិនិយោគគំរោងដ៏ធំនៅរាជធានីភ្នំពេញ គឺUrban Villageបានមានប្រសាសន៍ថា កម្ពុជាជាប្រទេសមានសក្តានុពលច្រើន សម្រាប់ការវិនិយោគលើវិស័យអចលនទ្រព្យ ដោយសារកត្តាជាច្រើន រួមមាន ទី១ ប្រទេសនេះមានស្ថានភាពនយោបាយ និងប្រព័ន្ឋសង្គមល្អប្រសើរ ទី២ ជាប្រទេសមានសេដ្ឋកិច្ចរីកចម្រើនលឿន ធៀបនឹងបណ្តាប្រទេសដទៃក្នុងតំបន់អាស៊ាន។ ទី៣ ប្រទេសនេះមានប្រជាជន វ័យក្មេងច្រើន ដែលអ្នកមានអាយុ៣០ឆ្នាំចុះ មានប្រមាណ៧០ភាគរយ និងទី៤ អត្រាកំណើតប្រចាំឆ្នាំស្ថិតនៅកម្រិតលើគេ ក្នុងតំបន់អាស៊ាន ដែលមានអត្រា១,២ភាគរយក្នុងមួយឆ្នាំ។ លោកបន្តថា “កម្ពុជាមានឱកាសរីកចម្រើនលឿន និងការវិនិយោគប្រសើរ ហើយបើអ្នកមានលុយគួរទិញអចលនទ្រព្យនៅទីនេះ”៕