ដោយ: គង់ លាងហួរ
អន្តរជាតិ: ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានចុះផ្សាយ ដោយដកស្រង់សម្តីពីក្រុមមន្ត្រីនៃការិយាល័យហិរញ្ញវត្ថុ និងសេដ្ឋកិច្ចរបស់បក្សកុម្មុយនិស្តចិនថា សេដ្ឋកិច្ចរបស់ប្រទេសចិន នឹងជួបប្រទះលក្ខខណ្ឌអំណោយផល និងឱកាសច្រើនជាងបញ្ហាប្រឈមនៅឆ្នាំ២០២៤។
ទីភ្នាក់ងារសារពត៌មានរដ្ឋចិន Xinhua បានរាយការណ៍ថា គោលនយោបាយម៉ាក្រូសេដ្ឋកិច្ច នឹងបន្តផ្តល់ការគាំទ្រសម្រាប់ការស្តារសេដ្ឋកិច្ចចិនឡើងវិញ។
ក្រុមមន្ត្រីចិនបានអះអាងថា តម្លៃទំនិញនៅប្រទេសចិនមានកម្រិតទាប បំណុលរបស់រដ្ឋាភិបាលកណ្តាល មិនមានកម្រិតខ្ពស់ទេ ហើយលក្ខខណ្ឌជាច្រើនត្រូវបានដាក់ចេញ ដើម្បីពង្រឹងការអនុវត្តគោលនយោបាយរូបិយវត្ថុ និងសារពើពន្ធ។
ទោះជាយ៉ាងណាក្តី ការរាំងស្ទះនៅតែបន្តកើតមាន ក្នុងវដ្តសេដ្ឋកិច្ចរបស់ប្រទេសចិន ដោយសារតម្រូវការការប្រើប្រាស់ និងការវិនិ យោគរបស់សហគ្រាស នៅមិនទាន់ស្ទុះងើបឡើងវិញនៅឡើយ។
កាលពីខែវិច្ឆិកាកន្លងទៅ មូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) បានបង្កើនការព្យាករណ៍កំណើនសេដ្ឋកិច្ចចិន ឡើងដល់៥,៤% សម្រាប់ឆ្នាំនេះ ខណៈដែលរដ្ឋាភិបាលចិន បានកំណត់គោលដៅកំណើនសេដ្ឋកិច្ចរបស់ខ្លួនក្នុងរង្វង់៥%។
យោងតាមរបាយការណ៍បានឱ្យដឹងថា ឥទ្ធិពលនៃការបោះផ្សា យលក់ប័ណ្ណរតនាគារនៅឆ្នាំនេះ ការកាត់បន្ថយអត្រាការប្រាក់ ការកាត់បន្ថយពន្ធ និងថ្លៃសេវា ព្រមទាំងគោលនយោបាយផ្សេងទៀតនឹងបន្តរហូតដល់ឆ្នាំក្រោយ។
ជាមួយគ្នានេះ ប្រទេសចិនក៏នឹងបន្តតាមដាន ទីផ្សារអចលនវត្ថុរបស់ខ្លួន ដែលកំពុងរងបញ្ហាយ៉ាងធ្ងន់ធ្ងរ និងបំពេញតម្រូវការហិរញ្ញប្បទាន ដែលសមហេតុផលរបស់បណ្តា ក្រុមហ៊ុនអចលនទ្រព្យផងដែរ។
របាយការណ៍របស់ទីភ្នាក់ងារ Xinhua បានបន្ថែមថា “ជាមួយនឹងការខិតខំប្រឹងប្រែងរួមគ្នារបស់គ្រប់ភាគី នោះគោលនយោបាយនៃការទប់ស្កាត់ហានិភ័យអចលនទ្រព្យ និងស្ថិរភាពទីផ្សារនឹងអាចសម្រេចបានយ៉ាងពេញលេញ”៕