ដោយ: គង់ លាងហួរ
អន្តរជាតិ: គេហទំព័រ Numbeo បានចុះផ្សាយទិន្នន័យពីការស្ទង់មតិ និងតារាងចំណាត់ថ្នាក់ស្តីពីតម្លៃអចលនទ្រព្យ ក្នុងទីក្រុងចំនួន៩នៅតំបន់អាស៊ាន ដោយប្រៀបធៀបតម្លៃអាផាតមុិនទៅនឹងប្រាក់ចំណូលរបស់ប្រជាជនទូទៅនៅតាមទីក្រុងនីមួយៗ។
ក្នុងនោះ រាជធានីភ្នំពេញរបស់យើងបានជាប់ចំណាត់ថ្នាក់លេខ៤ ដោយសមាមាត្រតម្លៃអាផាតមុិនធៀបនឹងចំណូលប្រជាជនទូទៅស្ថិតនៅត្រឹម២៩ដង ដែលមានន័យថា តម្លៃអាផាតមុិននៅទីក្រុងភ្នំពេញ ខ្ពស់ជាងចំណូលប្រជាជនទូទៅចំនួន២៩ដង។
ចំណែក ទីក្រុងហូជីមិញរបស់ប្រទេសវៀតណាម ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងចំណោមទីក្រុងចំនួន៩នៅតំបន់អាស៊ាន ដោយអាផាតមុិនក្នុងទីក្រុងហូជីមិញ មានតម្លៃថ្លៃបំផុត បើប្រៀបធៀបនឹងប្រាក់ចំណូលរបស់ប្រជាជនទូទៅក្នុងទីក្រុងមួយនេះ។
តួយ៉ាង សមាមាត្រតម្លៃអាផាតមុិនធៀបនឹងចំណូលប្រជាជនទូទៅនៅទីក្រុងហូជីមិញ ស្ថិតក្នុងរង្វង់៣៦ដង ដែលមានន័យថា តម្លៃអាផាតមុិននៅទីក្រុងហូជីមិញខ្ពស់ជាងចំណូលប្រជាជនទូទៅ រហូតដល់ទៅ៣៦ដង។






