រដ្ឋាភិបាលរៀបចំប្លង់គោលអភិវឌ្ឍន៍លើខេត្តមានសក្តានុពលនានា ដើម្បីទាក់ទាញការវិនិយោគ

0

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ ការរៀបចំតំបន់អភិវឌ្ឈន៍ឬZoning បាននិងកំពុងត្រូវបានយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល ដើម្បីទាក់ទាញការវិនិយោគ និងរៀបចំបែបផែននៃការអភិវឌ្ឍប្រកបដោយចីរភាព។បច្ចុប្បន្នខេត្តកណ្តាល ខេត្តត្បូងឃ្មុំ ខេត្តព្រះសីហនុ ខេត្តសៀម​រាប និងបណ្តាខេត្តមួយចំនួនទៀត បានរៀបចំប្លង់គោលអភិវឌ្ឍ​ន៍រួចហើយ។

អ្វីដែលគួរឲ្យកត់សំគាល់ គឺខេត្តសក្ដានុពលចំនួន ២ រួមមាន​ខេត្តព្រះសីហនុ និ​ងខេត្តសៀមរាប ត្រូវ​បានរាជរដ្ឋា​ភិបា​លអា​ណ​ត្តិ​​​​មុ​ន ​និង​អាណត្តិ​នេះ កំពុង​បន្ត​យកចិត្តទុកដាក់​ដោយរៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ និ​ងបែងចែកប្រភេទដី​ ដើម្បីបង្កភាពងា​យ​ស្រួ​ល​ ក្នុងការទាក់ទាញ​វិនិយោគិន​ក្នុ​ង និងក្រៅ​ប្រទេស​ចូលមក​បណ្ដាក់​ទុន​វិនិយោគ ។

ខេត្តទាំង​ពី​រនេះ ត្រូ​វបាន​រាជរដ្ឋាភិបាល​ចំណាយ​ទុនខ្ទង់​រយ​លានដុល្លា​រអាមេរិក ​ដើម្បីសាងសង់​ហេដ្ឋារ​ច​នាស​ម្ព័​ន្ធ​ក្នុ​ងក្រុង​ សម្រួ​ល​ការ​ធ្វើដំណើរ និងរៀបចំបានឱ្យ​ស្អាត​ប្លែ​ក​ខុស​ពី​ខេត្ត​ដទៃទៀត ហើយ​ខេត្តទាំង​២នេះដែរ​ ក៏គ្រោងនឹង​បែង​ចែកប្រភេទដី​ទៅតាម​តំបន់ ដូចជា​ តំបន់ឧស្សាហកម្ម តំបន់​ពាណិជ្ជកម្ម​ និងតំបន់លំនៅឋាន​​ជាដើម ដើម្បីសម្រួ​ល​ដល់អ្នកវិនិយោគ ​ដែល​ចូល​មកកម្ពុជា​ងាយស្រួលក្នុ​ងរកទីតាំង​វិនិយោគ​របស់ពួកគេ។

អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ លោកគួច ចំរើន​ បានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា វិនិ​យោគិ​ន​បរទេស​ដែល​ចូលម​ក​សិក្សា ពីឱកាស​វិនិយោគក្នុង​ខេត្ត​ព្រះសីហនុថា រាជរដ្ឋាភិបាល​ក៏ដូចជា​រដ្ឋ​បាល​ខេត្តព្រះសីហនុ បាននិងកំពុង​រៀបចំបែងចែក​ដីធ្លីទៅតាមតំបន់​ ដូចជា​តំបន់ឧស្សាហកម្ម តំបន់​ស​​ណ្ឋាគា​រ និងបដិសណ្ឋារកិច្ច តំបន់​ពាណិជ្ជកម្ម តំបន់​លំនៅឋាន ​​និង​តំបន់​កម្សាន្ត​ជាដើម​។

​ លោកបន្តថា “ការ​រៀបចំ​បែប​នេះ នឹង​ងាយស្រួលដល់​អ្នកវិនិយោគ ដែល​ចង់វិនិយោគ​ទៅ​លើ​វិស័យណាមួយ”។លោកបានលើកជាឧទាហរណ៍ថា​ អ្ន​កវិ​និ​​យោគ​​ច​ង់​វិ​និយោគលើ​សណ្ឋាគារ គាត់អាចទៅរក​តំបន់ ដែល​យើ​ងកំណត់សម្រាប់​អភិវឌ្ឍន៍​សណ្ឋាគារ​។​

លោកគួច ចំរើនបានបញ្ជាក់ថា​ បច្ចុប្បន្ន​នេះ ខេត្តព្រះសីហនុ​បាន និង​កំពុង​ទទួល​បាន​វិនិយោគិន​ចូលមក​បណ្ដាក់​ទុន​​ជា​បណ្ដើរៗឡើង​វិញ  ដោយ​មាន​វិនិយោគិន​ថ្មីៗជាច្រើន​ចាប់អារម្មណ៍​ និងបង្ហាញពីបំណង​វិនិយោគ​របស់ពួ​កគេ​នៅក្នុង​ខេត្តព្រះសីហនុ។

​សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្ត្រី​នៃកម្ពុជា​ ក៏បាន​ជំរុ​ញ​ឱ្យក្រសួង​ស្ថាប័ន​​និងអាជ្ញាធរ​ពាក់ព័ន្ធ​ រៀបចំ​បែង​ចែក​ទៅតាម​ប្រភេទ​ដី​ជាពិ​សេស​សម្ដេច​ បានជំរុញឱ្យ​មាន​កា​រអភិវឌ្ឍ ​នៅតំបន់រុនតាឯក ​និងពាក់ស្នែង​ ដើម្បី​បង្កើតការងារ​ជូន​ប្រជាពលរដ្ឋ​ជាទីក្រុងថ្មីមួយ សម្រាប់ខេត្តសៀមរាប។

សម្តេចបានជម្រុញ​ឲ្យមានការរៀបចំ​ដី ​សម្រាប់​ឧស្សាហកម្ម ​និ​ងពាណិជ្ជកម្ម​ ស្រ​ប​នឹង​ព្រ​លាន​​យន្តហោះថ្មី ក្នុង​ទឹកដីខេត្តសៀមរាប​កំពុង​ទទួលបាន​ការ​ចាប់​អារម្មណ៍ខ្លាំងពី​វិនិយោគិន​បរទេស​ ។​

​ខេត្តព្រះសីហនុ ជា​តំបន់មួយ​ដែលមានផ្លូវ​ល្បឿនលឿនតភ្ជាប់ពី​រាជធានីភ្នំពេញមុនគេ ហើយ​ក្រោយ​ពេល​ផ្លូវ​នេះ បានសាងសង់រួច និងដាក់ដំណើរការ​ជាផ្លូវការ​នោះ សកម្មភាពទេសចរណ៍ និង​ពាណិជ្ជ​កម្ម​ក្នុ​ង​ខេត្ត​មួយនេះ ​ក៏ឃើញថា​មានកំណើន​គួរឱ្យកត់សម្គាល់ ។​ ដ

ដោយឡែក​ខេត្តសៀមរាប ក៏ជា​ខេត្ត​មួយ​ដែលគ្រោងនឹង​សាងសង់​ផ្លូវ​ល្បឿនលឿន​​ឆ្លងកាត់ដែរ គឺផ្លូវល្បឿនលឿន ភ្នំពេញ-សៀម​រាប-ប៉ោយ​ប៉ែត ។ គម្រោង​សិក្សា​ផ្លូវ​ល្បឿនលឿន​ភ្នំពេញ- សៀមរាប នឹង​បញ្ចប់​នៅ​ខែកុម្ភៈ ឆ្នាំ​២០២៤​ខាងមុខនេះ ហើយ​ក៏​គ្រោងនឹ​ងចាប់ផ្ដើម​សាងសង់​នៅពេល​បន្ទាប់ផងដែរ។

អ្វីដែល​ពិសេស​ ទាំង​ខេត្ត​ព្រះសីហនុ​ និង​ខេត្តសៀមរាប​ គឺសុទ្ធតែមាន​អាកាស​យានដ្ឋាន​អន្តរជាតិ​ដូច​គ្នា ដូច្នេះ​វា​ក៏អាច​សម្រួលដល់ភ្ញៀ​វទេសចរ​បរទេស ​ក៏ដូចជា​ វិនិយោគិនបរទេស​អាច​ចុះចត​នៅព្រលានយន្តហោះនេះផ្ទាល់​តែម្ដង។

សម្តេចធិបតីហ៊ុន ម៉ាណែតបានជម្រុញឲ្យក្រុមមន្រ្តីដាក់ចេញនូវគោលនយោបាយទេសចរណ៍ ដោយយកខេត្តសៀមរាប ជាគំរូបមួយ សម្រាប់ទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិ នៅឆ្នាំ២០២៤ខាងមុខ ខណៈការរៀបចំប្លង់គោលអភិវឌ្ឍន៍ខេត្តនេះ បាននិងកំពុងរៀបចំដោយក្រុមមន្រ្តីជំនាញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here