ស្ថាប័នធុរកិច្ចចំនួន២រួមគ្នារៀបចំព្រឹត្តិការណ៍មួយ ដើម្បីផ្សព្វផ្សាយសក្តានុពលវិនិយោគនៅកម្ពុជា

0

ដោយ: គង់ លាងហួរ

ភ្នំពេញ: សមាគមពាណិជ្ជកម្មកម្ពុជា-ចិន (CCCA) និងធនាគារ Oriental Bank បានរួមគ្នារៀបចំព្រឹត្តិការណ៍ តភ្ជាប់បណ្តាញសម្រាប់សហគ្រិន និងអ្នកវិនិយោគក្នុងតំបន់ ដើម្បីទាក់ទាញការវិនិយោគកាន់តែច្រើនចូលមកកាន់ប្រទេសកម្ពុជា។

កម្មវិធីនេះប្រារព្ធឡើងនៅក្នុងគម្រោង Urban Village ក្រោមអធិបតីភាពស្ថាបនិក និងជាប្រធានកិត្តិយសនៃសមាគម CCCA លោកបណ្ឌិត Ben Li រួមជាមួយលោកបណ្ឌិត Albert Tan ប្រធានស្ថាប័ន APC លោក Anthony Galliano ប្រធាន​សភា​ពាណិជ្ជកម្ម​អាមេរិក​ប្រចាំ​​កម្ពុជា និង​លោកLee Yuen Fat ប្រធានសមាគម Hong Kong Federation of Innovation Technologies Manufacturing។

ព្រឹត្តិការណ៍ខាងលើនេះ ក៏មានការចូលរួមពីសហគ្រិនអន្តរជាតិ ប្រតិបត្តិករពាណិជ្ជកម្ម និងអ្នកវិនិយោគមកពីប្រទេសផ្សេងៗគ្នា រួមមាន សិង្ហបុរី តៃវ៉ាន់ ម៉ាឡេស៊ី ចិន និងសហរដ្ឋអាមេរិក។លោក Anthony Galliano បានថ្លែងប្រាប់កាសែតក្នុងស្រុកថា កម្ពុជាស្ថិតក្នុងជំហរដ៏រឹងមាំ ខណៈប្រទេសនេះបានទាក់ទាញការវិនិ​យោគពីបរទេសយ៉ាងច្រើន ដោយសារកម្លាំងពលកម្ម ដែលមានតម្លៃសមរម្យ ទីតាំងយុទ្ធសាស្ត្រ ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ តម្រូវការដើមទុនតិច និងជាប្រទេសមួយ ដែលមានកំណើនសេដ្ឋកិច្ចខ្ពស់អស់ជាច្រើនទសវត្សរ៍កន្លងមកហើយ។ លោកបានបន្ថែមថា “កម្ពុជាក៏ផ្តល់កម្មសិទ្ធិ១០០ភាគរយដល់ជនបរទេស ការលើកទឹកចិត្តផ្នែកពន្ធដារ អត្រាពន្ធទាបជាទូទៅ ច្បាប់វិនិយោគដ៏ទាក់ទាញ សន្តិភាព និងស្ថិរភាព ព្រមទាំងមានការគាំទ្រពីសំណាក់រដ្ឋាភិបាលផងដែរ”។

ជាមួយគ្នានេះ លោកបណ្ឌិត Ben Li បានថ្លែងប្រាប់កាសែតក្នុងស្រុកថា “ថ្ងៃនេះ យើងជួបប្រជុំសមាជិកទាំងអស់នៃសមាគម CCCA ដោយសារអាទិភាពសមាគមរបស់យើង គឺគាំទ្រដល់អ្នកវិនិយោគចិនដែលអាចនិយាយភាសាអង់គ្លេសបាន ហើយCCCA គឺជាសហគមន៍ជនជាតិចិនតែមួយគត់ ដែលប្រតិបត្តិការជាមួយភាសាអង់គ្លេស”។ លោក​បន្ត​ថា ព្រឹត្តិការណ៍​នេះ​មាន​គោលបំណង​ ផ្សារភ្ជាប់​សហគ្រិន​ និង​វិនិយោគិន​ទាំងអស់​ពី​ប្រទេស​សិង្ហ​បុរី ម៉ាឡេស៊ី តៃវ៉ាន់ ហុងកុង និង​ចិន​ ហើយមនុស្សភាគច្រើន ដែលឈរនៅលើឆាកនាពេលនេះ គឺជាម្ចាស់ផលិតកម្ម និងម្ចាស់អាជីវកម្ម ដែលផ្តល់ការងារដល់កម្មករជាង៣.០០០នាក់នៅក្នុងប្រទេសចិន។លោកបន្តទៀតថា ព្រឹត្តិការណ៍នេះ មានគោលបំណងពិភាក្សាអំពីសក្តានុពល និងបរិយាកាសវិនិយោគនៅកម្ពុជា សម្រាប់រយៈពេល១០ឆ្នាំខាងមុខ ខណៈដែលពាណិជ្ជករក្នុងប្រទេសចិន កំពុងប្រឈមមុខនឹងបញ្ហាជាច្រើន ស្របពេលដែលចិន និងសហរដ្ឋអាមេរិកកំពុងមានជម្លោះនឹងគ្នា ហើយបញ្ហានេះអាចបន្តអូសបន្លាយដល់ទសវត្សរ៍ក្រោយ។

លោកបានបញ្ជាក់ថា “ផលិតផលដែលនាំចេញទៅសហរដ្ឋអាមេរិក និងអឺរ៉ុបមានពន្ធគយខ្ពស់ ដូច្នេះអ្នកវិនិយោគចិនកំពុងស្វែងរកមធ្យោបាយផ្សេងទៀត ដើម្បីដឹកជញ្ជូនផលិតផលរបស់ពួកគេទៅកាន់សហរដ្ឋអាមេរិក អឺរ៉ុប និងប្រទេសជាច្រើនទៀត នៅទូទាំងពិភពលោក តាមរយៈការបង្កើតកិច្ចព្រមព្រៀងឱ្យកាន់តែប្រសើរឡើង”។ លោកបន្តទៀតថា “ប្រទេសកម្ពុជាបានផ្តល់តម្លៃកម្លាំងពលកម្មសមរម្យ ទីតាំងយុទ្ធសាស្ត្រល្អ ព្រមទាំងកំណើនសេដ្ឋកិច្ចដ៏ខ្ពស់ ដែលបន្តកើនឡើង ក្នុងរង្វង់ប្រហែលពី៦ ទៅ៧ភាគរយ ជារៀងរាល់ឆ្នាំ ហើយនេះ ជារឿងគួរឱ្យភ្ញាក់ផ្អើលសម្រាប់អ្នកវិនិយោគចិន”។

លោកបណ្ឌិត Ben Li បានគូសបញ្ជាក់ថា សមាគម CCCA នឹងបន្តខិតខំទាក់ទាញទុនវិនិយោគ ពីក្រៅប្រទេសមកកាន់កម្ពុជា ជាពិសេ​សអ្នកវិនិយោគចិន និងម៉ាឡេស៊ី ដើម្បីចាកចេញពីតំបន់​Comfort Zone របស់ពួកគេ និងងាកមកស្វែងយល់អំពីសក្តានុពលវិនិយោគនៅកម្ពុជា។ លោកបណ្ឌិតបានបន្ថែមថា “ប្រសិនបើយើងពិនិត្យមើលទៅលើធនធានមនុស្សក្នុងប្រទេស យើងសង្កេតឃើញថា កម្ពុជាមានអត្រាប្រាក់បៀវត្សរ៍ប្រកួតប្រជែងខ្លាំង បើធៀបនឹងប្រទេសថៃ វៀតណាម មីយ៉ាន់ម៉ា និងប្រទេសឡាវ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here