ដោយៈ គង់ សូរិយា
ព្រះសីហនុៈ អាជ្ញាធរខេត្តព្រះសីហនុ នឹងសាងសង់ពហុកីឡដ្ឋានធំមួយ ដែលអាចផ្ទុកមនុស្សបានជាង៣ម៉ឺននាក់នៅខេត្តជាប់មាត់សមុទ្រមួយនេះ។
នេះបើតាមកិច្ចប្រជុំពិនិត្យវឌ្ឍនភាព ការងារសាងសង់ពហុកីឡដ្ឋាន ខេត្តព្រះសីហនុកាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣។
ថ្លែងនៅក្នុងកិច្ចប្រជុំនេះ លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាត់ទុកគម្រោងសាងសង់ពហុកីឡដ្ឋាន ជាសមិទ្ធផលដ៏ថ្មីស្រឡាងមួយទៀត ក្រោមគំនិតផ្ដួចផ្ដើមរបស់ សម្តេចធិបតីនាយករដ្ឋមន្រ្តីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជា។
-->
ពហុកីឡដ្ឋានថ្មីនេះ អាចផ្ទុកមនុស្សប្រមាណ៣១.៥០០នាក់ មានហាងកាហ្វេ កន្លែងបោះតង់ សួនទេសចរណ៍ អគារសារមន្ទីរ សាលមហោស្រព និងរចនាសម្ព័ន្ធជាច្រើនទៀត ហើយនឹងត្រូវសាងសង់បែបសហសម័យ មានបញ្ចូលនូវអត្តសញ្ញាណជាតិ និងធានាបាននូវគុណភាពគង់វង្សយូរអង្វែង ដូចអគារពីសម័យបុរាណដែលបានបន្សល់ទុកមកដល់សព្វថ្ងៃ។
ការសាងសង់ពហុកីឡដ្ឋានខេត្តព្រះសីហនុ គឺឆ្លើយតបតាមសំណូមពររបស់ប្រជាពលរដ្ឋ និងតម្រូវការចាំបាច់ក្នុងការអភិវឌ្ឍវិស័យកីឡា និងទេសចរណ៍ក្នុងខេត្ត ឱ្យកាន់តែរីកចម្រើនថែមទៀត ដែលនឹងរួមចំណែកទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យចូលមកទស្សនាកំសាន្តក្នុងខេត្តនេះ ព្រមទាំងបណ្ដាខេត្តជាប់ឆ្នេរសមុទ្រដទៃទទៀត៕
