ដោយៈ គង់ សូរិយា
ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានថ្លែងថា រាជរដ្ឋាភិបាលបានផ្តល់អាទិភាព ទៅលើការពង្រឹងការគ្រប់គ្រង និងការធ្វើទំនើបកម្មនគរូបនីយកម្ម ដោយផ្តោតការយកចិត្តទុកដាក់ខ្ពស់ លើការពង្រីកទីក្រុង និងការអភិវឌ្ឍទីក្រុងថ្មីបន្ថែម នៅតាមបណ្តារាជធានី-ខេត្ត។
លោកឧបនាយករដ្ឋមន្រ្តីរូបនេះ បានថ្លែងបែបនេះក្នុងវេទិការដ្ឋ និងឯកជនក្រោមប្រធានបទ “ការអភិវឌ្ឍនគរូបនីយកម្មកម្ពុជា-ជប៉ុន” ដែលធ្វើឡើងនៅថ្ងៃទី២១ ធ្នូកន្លងមកនេះ។
-->
លោកបន្តទៀតថា “រដ្ឋាភិបាលក៏ជម្រុញការបង្កើតសួនសាធារណៈ និងឧទ្យានបៃតង ដើម្បីធានាសុវត្ថិភាព សោភណភាព បរិស្ថានរស់នៅល្អ និងសុខុមាលភាពសម្រាប់ការរស់នៅ និងប្រសិទ្ធភាព ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម តាមគោលការណ៍ទីក្រុងឆ្លាត”។លោកបន្តថា “យើងនឹងជំរុញការអភិវឌ្ឍ និងពង្រឹងការអនុវត្តគោលនយោបាយ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត បទដ្ឋានបច្ចេកទេស ការកសាងផែនការរៀបចំដែនដី ប្លង់គោល ផែនការប្រើប្រាស់ដី ផ្សារភ្ជាប់យុទ្ធសាស្រ្តសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទីក្រុងជាមួយការអនុវត្ត និងអភិវឌ្ឍនគរូបនីយកម្ម”។
តាមរយៈការរៀបចំវេទិការដ្ឋ -ឯកជនលើកទី៤ស្តីពី “ការអភិវឌ្ឍនគរូបនីយកម្មកម្ពុជា-ជប៉ុន” លោកសាយ សំអាល់បានសម្តែងសុទិដ្ឋិនិយមថា វេទិកានេះ នឹងជំរុញបង្កើតឱកាសធុរៈកិច្ច និងវិនិយោគពីប្រទេសជប៉ុន មកប្រទេសកម្ពុជាជាពិសេសលើវិស័យសំណង់។
លោករដ្ឋមន្រ្តីលើកទឹកចិត្តដល់ធុរជន និងក្រុមហ៊ុនជប៉ុនចាប់ឱកាសចូលមកវិនិយោគ ឬចាប់ដៃគូវិនិយោគ ជាមួយក្រុមហ៊ុនកម្ពុជា ដើម្បីទទួលបាននូវផលប្រយោជន៍នានា ពីរដ្ឋាភិបាលកម្ពុជា ក៏ដូចជាបានចូលរួមចំណែកអភិវឌ្ឍប្រទេសកម្ពុជា៕