ដោយ: គង់ លាងហួរ
អន្តរជាតិ: សារព័ត៌មាន Bloomberg បានចុះផ្សាយថា ទីក្រុងអាប៊ូដាប៊ី (Abu Dhabi) នៅក្នុងប្រទេសអារ៉ាប់រួម(UAE) កំពុងក្លាយជាមជ្ឈមណ្ឌលថ្មីមួយ សម្រាប់ក្រុមមហាសេដ្ឋីរាប់ពាន់នាក់ ដែលចូលមកបង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធថ្មីៗរបស់ខ្លួន ក្នុងគោលបំណងដើម្បីការពារទ្រព្យសម្បត្តិរបស់ពួកគេពីហានិភ័យ។
ប្រភពខាងលើបានបន្តថា នៅពេលនេះក្នុងទីក្រុងអាប៊ូដាប៊ី មានក្រុមហ៊ុនបុត្រសម្ព័ន្ធថ្មីៗ ច្រើនជាង៥.០០០ក្រុមហ៊ុន ខណៈកាលពីឆ្នាំ២០១៦ មានត្រឹមតែ៤៦ក្រុមហ៊ុនប៉ុណ្ណោះ។
-->
ជាមួយគ្នានេះ យោងតាមទិន្នន័យរបស់ក្រុមហ៊ុនប្រឹក្សាទ្រព្យសម្បត្តិM/HQ បានបង្ហាញថា មហាសេដ្ឋីជាច្រើន បានចូលមកបង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធថ្មីៗ នៅទីក្រុងអាប៊ូដាប៊ី ក្នុងឆ្នាំនេះ ដែលក្នុងនោះ រួមមាន មហាសេដ្ឋីគ្រីបតូ គឺលោកChagpeng Zhao ក្រុមគ្រួសារមហាសេដ្ឋីឥណ្ឌា Adani មហាសេដ្ឋីវិនិយោគ លោក Ray Dalio និងមហាសេដ្ឋីរុស្ស៊ី លោកVladimir Lisin ដែលប្រកបអាជីវកម្មដែក។
ស្របពេលដែលសង្គ្រាមរវាងអ៊ីស្រាអែល ជាមួយក្រុមហាម៉ាស កំពុងឡើងកំដៅ ទីក្រុងអាប៊ូដាប៊ី ស្រូបបានលំហូរទ្រព្យសម្បត្តិកាន់តែច្រើន ដែលនាំឲ្យប្រទេសអារ៉ាប់រួម បានក្លាយជាគោលដៅកំពូលទាំង៥នៅលើពិភពលោក សម្រាប់លំហូរក្រុមមហាសេដ្ឋី ចូលមកបណ្តាក់ទុនច្រើនបំផុត នៅក្នុងឆ្នាំ២០២៣ រួមជាមួយនឹងប្រទេសអូស្ត្រាលី សិង្ហបុរី សហរដ្ឋអាមេរិក និងប្រទេសស្វីស។
លើសពីនេះ សុវត្ថិភាពក្នុងការធ្វើអាជីវកម្ម នៅប្រទេសអារ៉ាប់រួម គឺជាមូលហេតុដ៏ចម្បងមួយ ក្នុងចំណោមូលហេតុដទៃផ្សេងទៀត ដែលជួយទាក់ទាញ ក្រុមមហាសេដ្ឋីឱ្យចូលមកបណ្តាក់ទុន នៅប្រទេសនេះ ខណ:នៅប្រទេសអារ៉ាប់មួយនេះ មានអត្រាពន្ធទាប ប្រព័ន្ធថែទាំសុខភាពល្អបំផុត ស្ថានភាពទីផ្សារអចលនទ្រព្យល្អ ផ្សារទំនើប ភោជនីយដ្ឋាន និងសាលាអន្តរជាតិល្អៗ ដែលជាកត្តាទាក់ទាញសំខាន់ៗ៕