ដោយវុត្ថា
ភ្នំពេញ៖ អភិបាលរជធានីភ្នំពេញ បានអះអាងថា ការដាក់អំពូលភ្លើងLEDតាមបច្ចេកវិជ្ជា ទំនើបទាន់សម័យសន្សំសំចៃភ្លើងដែលផលិតដោយក្រុមហ៊ុន Minebea Cambodia របស់ប្រទេសជប៉ុនបានផ្តល់ផលប្រយោជន៍យ៉ាងខ្លាំងដល់រាជធានីភ្នំពេញ ក្នុងការលើកកម្ពស់សោភណ្ឌភាព និងធ្វើឱ្យរាជធានីភ្នំពេញក្លាយទៅជាទីក្រុងឆ្លាតវៃផងដែរ។
នៅក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង ការដាក់ឱ្យ ដំណើរ ការនិងការថែទាំសេវាភ្លើងបំភ្លឺផ្លូវសាធារណៈតាមប្រព័ន្ធគ្រប់គ្រងទីក្រុងវៃឆ្លាតក្នុងរាជធានីភ្នំពេញ (Smart lighting System) រវាងទីក្រុមហ៊ុន Minebea Cambodia និងក្រុមហ៊ុន PPDE & C ដែលរដ្ឋបាលរាជធានីភ្នំពេញបានប្រគល់សិទ្ធិឱ្យក្រុមហ៊ុន PPDE & C ជាអ្នករៀបចំកែលម្អភ្លើងបំភ្លឺផ្លូវសាធារណៈក្នុងរាជធានីភ្នំពេញនៅថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០១៩ នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងអំណរគុណដល់ក្រុមហ៊ុន Minebea ដែលបានផ្តល់ទំនុកចិត្ត និងជ្រើសរើសយករាជធានីភ្នំពេញ ធ្វើជាទីតាំងវិនិយោគដោយមើលឃើញពីកត្តាសន្តិភាព ស្ថិរភាពនយោបាយ និងបរិយាកាសវិនិយោគនៅកម្ពុជា។
លោកបន្តថា រដ្ឋបាលរាជធានីភ្នំពេញធ្វើការគាំទ្រយ៉ាងពេញទំហឹងចំពោះក្រុមហ៊ុន Minebea និងស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងត្រៀមខ្លួនធ្វើការគាំទ្រជានិច្ចចំពោះអ្នកវិនិយោគមកពីប្រទេសជប៉ុន ស្របពេលដែលកម្ពុជាមានសក្ដានុពលច្រើនសម្រាប់ធ្វើការវិយោគ និងស្របតាម ចំណង់ចំណូលចិត្តរបស់ពលរដ្ឋកម្ពុជាដែលចូលចិត្តប្រើប្រាស់របស់ជប៉ុន។