ដោយៈ ម៉ាលីនណា
ភ្នំពេញៈ ចាប់ពីដើមឆ្នាំ២០២៤ខាងមុខ ប្រជាជនកម្ពុជាអាចប្រើប្រាស់ប្រាក់រៀល ក្នុងប្រព័ន្ធទូទាត់បាគង ដើម្បីទូទាត់ថ្លៃទំនិញ -សេវាកម្មនៅក្នុងប្រទេសចិន និងបណ្តាប្រទេសផ្សេងៗទៀត ក្នុងបណ្តាញទូទាត់UnionPay នៅទូទាំងពិភពលោក ដោយគ្រាន់តែស្កេនឃ្យូអរកូត (UnionPay QR Code) របស់ក្រុមហ៊ុន UPI។
ព័ត៌មានដ៏មានសារៈសំខាន់នេះ ត្រូវបានបញ្ជាក់ឲ្យដឹងក្នុងពេលធនាគារជាតិនៃកម្ពុជា(NBC) និងក្រុមហ៊ុន UnionPay International (UPI) បានប្រកាសដាក់ឱ្យដំណើរការប្រតិបត្តិការទូទាត់ឆ្លងដែនតាមឃ្យូអរកូត (QR Code) ជាផ្លូវការកាលពីសប្តាហ៍មុន។យោងតាមព័ត៌មាន ដែលបានបង្ហាញនៅលើបណ្តាញទំនាក់ទំនងសង្គមរបស់ធនាគារជាតិនៃកម្ពុជា បានឲ្យដឹងទៀតថា ដំណើរការប្រតិបត្តិការទូទាត់ឆ្លងដែន តាមរយៈឃ្យូអរកូតនេះ គឺជាសមិទ្ធផលថ្មីមួយទៀត នៃចក្ខុវិស័យពង្រីកវិសាលភាព ប្រតិបត្តិការទូទាត់ឆ្លងដែន តាមឃ្យូអរកូតរបស់ប្រព័ន្ធបាគង ឱ្យកាន់តែទូលំទូលាយ។
តាមរយៈក្របខណ្ឌកិច្ចសហប្រតិបត្តិការនេះ អតិថិជនរបស់ក្រុមហ៊ុនUPI អាចស្កេនKHQR Code ដើម្បីទូទាត់ថ្លៃទំនិញ-សេវាកម្ម ទៅឱ្យអាជីវករ ឬម្ចាស់ហាងលក់ទំនិញ- សេវាកម្មនៅកម្ពុជា ជាប្រាក់រៀលបាន។ធនាគារជាតិបានបញ្ជាក់ថា “សមិទ្ធផលថ្មីនេះក៏បានឆ្លុះបញ្ចាំង អំពីគោលបំណងនៃសហគមន៍អាស៊ាន ដែលប្តេជ្ញាលើកកម្ពស់ប្រតិបត្តិការទូទាត់ឆ្លងដែនជារូបិយវត្ថុជាតិ ប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព”។ ប្រភពដដែលបានឲ្យដឹងទៀតថា ដំណើរការនេះបានរួមចំណែកយ៉ាងសកម្ម ក្នុងដំណើរការជំរុញបរិវត្តន៍កម្មឌីជីថល និងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច រវាងប្រទេសកម្ពុជា និងប្រទេសចិនផងដែរ៕
ពិធីប្រកាសដាក់ឱ្យដំណើរការ ប្រតិបត្តិការទូទាត់ឆ្លងដែនតាមឃ្យូអរកូតនេះ បានប្រព្រឹត្តិទៅក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងមានវត្តមានចូលរួមពី លោកWang Wentian ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅប្រទេសកម្ពុជា ព្រមទាំងតំណាងពីក្រសួងទេសចរណ៍ ក្រុមហ៊ុនUPI និងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុសរុបប្រមាណ១៥០រូប៕