ឯកសារចំនួនបីគ្រោងនឹងអនុម័តក្នុងកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងលើកទី៤

0

ដោយៈ គង់ ហ្វីអូណា

      ភ្នំពេញៈ  ឯកសារសំខាន់ៗចំនួនបី គ្រោងនឹងអនុម័តក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូល នៃកិច្ចសហប្រតិបត្តិការមេគង្គ -ឡានឆាង លើកទី៤។

ឯកសារទាំងនោះ រួមមាន ទី១ សេចក្តីថ្លែងការណ៍ទីក្រុងណៃពិដោ ទី២ ផែនការសកម្មភាពប្រាំឆ្នាំស្ដីពី កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (២០២៣-២០២៧) និងទី៣ គំនិតផ្តួចផ្តើមរួមស្ដីពីការអភិវឌ្ឍច្រករបៀង នវានុវត្តន៍នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង។ នេះបើតាម សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

សេចក្តីប្រកាសព័ត៌មានដដែលបានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូល នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី៤ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០២៣ តាមប្រព័ន្ធវីដេអូ តបតាមការអញ្ជើញ របស់សហប្រធាននៃកិច្ចប្រជុំគឺ នាយឧត្ដមសេនីយ៍ មីន អោងឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋនៃសាធារណរដ្ឋ សហភាពមីយ៉ាន់ម៉ា និងលោកលី ឈាង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន។

ក្រោមមូលបទ “ចូលរួមកសាងសហគមន៍វាសនារួមគ្នា និងទំនើ​បកម្ម ក្នុងចំណោមប្រទេសមេគង្គ-ឡានឆាង” ថ្នាក់ដឹកនាំនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នឹងពិនិត្យឡើងវិញនូវវឌ្ឍនភាព ដែលសម្រេចបាន ក្រោមកិច្ចសហប្រតិបត្តិការនេះ និងកំណត់ទិសដៅអនាគត សម្រាប់ការពង្រីកវិស័យ នៃកិច្ចសហប្រតិបត្តិការ និងជំរុញបន្ថែមនូវទំនុកចិត្តទៅវិញទៅមក ក៏ដូចជា ពង្រឹងភាពជាដៃគូក្នុងចំណោមបណ្តាប្រទេសមេគង្គ-ឡានឆាង ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងលើកកម្ពស់សុខុមាលភាពរបស់ប្រជាជននៅក្នុងអនុតំបន់មេគង្គ-ឡានឆាង។

សេចក្តីប្រកាសព័ត៌មានដដែលបានបន្តថា កិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងលើកទី៤នេះ នឹងក្លាយជាព្រឹត្តិការ​ណ៍ដ៏សំខាន់ សម្រាប់ប្រទេសសមាជិកមេគង្គ-ឡានឆាង ដើម្បីសម្រេ​ចបាននូវគោលដៅរួម ក្នុងការលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងអនុតំបន់ ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការមេគង្គ -ឡា​នឆាង ឈានទៅមុខបន្ថែមទៀត តាមរយៈការដាក់ឱ្យអនុវត្តផែនការសកម្មភាពប្រាំឆ្នាំស្តីពី កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង៕

LEAVE A REPLY

Please enter your comment!
Please enter your name here