ដោយៈ ស៊ីវ ម៉េង
ភ្នំពេញៈ ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) លោកសន សៀប បានថ្លែងថា សមាគមបាន និងកំពុងដើរតួនាទីសំខាន់ ក្នុងការផលិតធនធានមនុស្ស ដើម្បីចូលរួមក្នុងការផ្ដល់សេវាកម្ម ប្រកបដោយគុណភាព នៅក្នុងវិស័យអចលនទ្រព្យក្នុងប្រទេសកម្ពុជា។
លោកបានមានប្រសាសន៍ឱ្យដឹងថា កន្លងមក និងពេលបច្ចុប្បន្ននេះ សមាគមបានរៀបចំនូវការបណ្ដុះបណ្ដាលវគ្គខ្លីៗ ដល់អ្នកដែលរកស៊ីក្នុងវិស័យអចលនទ្រព្យ ដើម្បីឱ្យពួកគាត់ទទួលបានចំណេះដឹងបន្ថែមពីវិស័យអចលនទ្រព្យ ។ ក្រៅពីនោះសមាគម ក៏បានសហការជាមួយសាកលវិទ្យាល័យ មួយចំនួនបង្រៀនផ្នែករដ្ឋបាលដីធ្លី ដែលជាការចូលរួមជួយ ដល់ការបណ្ដុះបណ្ដាលធនធានមនុស្ស ក្នុងការវាយតម្លៃវិស័យអចលនទ្រព្យផងដែរ។
លោកបន្តថា សម្រាប់សមាគមខ្លួនឯង បានរៀបចំនូវវគ្គបណ្ដុះបណ្ដាលក្នុងមួយឆ្នាំ២ ទៅ៣ដង ដូចជា ជំនាញវាយតម្លៃអចលនវត្ថុ ជំនាញភ្នាក់ងារអចលនវត្ថុ និងជំនាញគ្រប់គ្រងអចលនទ្រព្យ ដែលជំនាញទាំង៣ នេះមានសារសំខាន់ណាស់ ក្នុងការជួយជំរុញវិស័យអចលនទ្រព្យឱ្យកាន់តែរីកចម្រើន និងមានគុណភាព។
-->
លោកបញ្ជាក់ថា “បច្ចុប្បន្ន ទីផ្សារអចលនទ្រព្យ ក្នុងប្រទេសកម្ពុជា មានការរីតលូតលាស់គួរឱ្យកត់សម្គាល់”។លោកបន្ថែមថា “ជាក់ស្ដែងក្នុងប្រទេសកម្ពុជា មានតំបន់ឧស្សាហកម្មច្រើន ការរៀបចំតំបន់កសិកម្មធំៗក៏មានច្រើន ហើយទាំងអស់នេះ សុទ្ធតែត្រូវការភ្នាក់ងារផ្ដល់ការប្រឹក្សា និងអ្នកវាយតម្លៃអចលនវត្ថុ ដើម្បីជួយកំណត់តម្លៃសម្រាប់អ្នក់ចង់លក់ និងអ្នកទិញអចលនទ្រព្យ”។
អ្នកជំនាញនៃវិស័យនេះជាច្រើន បាននិយាយស្រដៀងគ្នាជុំវិញការត្រៀមខ្លួន ក្នុងការទទួលយកឱកាស អភិវឌ្ឍន៍វិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា ក្នុងនោះធនធានមនុស្ស ក្នុងវិស័យអចលនទ្រព្យគឺមានសារសំខាន់ណាស់ ។ មានធនធានមនុស្សហើយត្រូវធ្វើឱ្យធនធានមនុស្សនោះស្របច្បាប់ ដោយត្រូវចុះបញ្ជីនៅក្នុងក្រសួងស្ថាប័នត្រឹមត្រូវ ពោលគឺបើជាក្រុមហ៊ុនត្រូវជាក្រុមហ៊ុន ដែលមានអាជ្ញាបណ្ណពីក្រសួង និងមិនត្រូវធ្វើការ ឬធ្វើសកម្មភាពក្រៅផ្លូវច្បាប់ ។
លោកសន សៀប បានប្ដេជ្ញាក្នុងការប្រមូលធនធានមនុស្ស ដែលកំពុងធ្វើសកម្មភាពនៅខាងក្រៅ ឱ្យចូលមកក្នុងសមាគម ដើម្បីរួមគ្នាពង្រឹងគុណភាព ផ្ដល់សេវាក្នុងវិស័យអចលនទ្រព្យ ដល់វិនិយោគិនទាំងក្នុង និងក្រៅប្រទេស៕
