ដោយៈ ហ្វីអូណា
ភ្នំពេញៈ ប្រមុខរដ្ឋាភិបាលកម្ពុជាសម្ដេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជាបានមានប្រសាសន៍ កម្ពុជាអាចនឹងចាកចេញពីប្រទេស ដែលមានការអភិវឌ្ឍតិចតួចនៅឆ្នាំ២០២៧។
សម្តេចបានណែនាំ ដល់ក្រសួងពាណិជ្ជកម្ម និងក្រសួងពាក់ព័ន្ធត្រូវពិនិត្យមើលលើការអនុវត្ត គោលនយោបាយនានារបស់កម្ពុជា ជាពិសេសពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងការអនុគ្រោះនានាសម្រាប់ការធ្វើពាណិជ្ជកម្ម ទៅក្រៅប្រទេសរបស់កម្ពុជា។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍ក្នងុឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារពាណិជ្ជកម្ម ឆ្នាំ២០២៣ និងទិសដៅការងារពាណិជ្ជកម្ម ឆ្នាំ២០២៤ របស់ក្រសួងពាណិជ្ជកម្មកាលពីសប្តាហ៍មុន។
ក្នុងឱកាសនោះសម្តេច បានណែនាំដល់ក្រសួងពាណិជ្ជកម្ម ត្រូវពិនិត្យ និងសិក្សាស្រាវជ្រាវឱ្យបានច្បាស់ អំពីផលប៉ះពាល់នៃការចាកចេញរបស់កម្ពុជាពីឋានៈប្រទេស ដែលមានការអភិវឌ្ឍតិចតួចនៅឆ្នាំ ២០២៧ ខាងមុខ ជាពិសេសនៅក្រោមក្របខណ្ឌអង្គការពាណិជ្ជកម្មពិភពលោក (WTO) និងក្របខណ្ឌតំបន់មកលើសេដ្ឋកិច្ចកម្ពុជា។
សម្ដេចធិបតី ក៏បានណែនាំដល់ក្រសួងពាណិជ្ជកម្ម ត្រូវត្រៀមខ្លួន ក្នុងការចរចាស្នើសុំភាពអនុគ្រោះថ្មី តាមយរៈប្រព័ន្ធបន្ថែមGSP+ (Generalised Scheme of Preferences Plus) សំដៅរក្សាទីផ្សារ និងរក្សាលំនឹងផលិតកម្ម ព្រមទាំងទាក់ទាញសម្រាប់ការចូលមកវិនិយោគនៅកម្ពុជា៕






