ដោយៈ ជេស៊ីកា
ភ្នំពេញៈ ក្រុមមន្រ្តីរដ្ឋាភិបាលដឹកនាំដោយ លោកឧបនាយករដ្ឋមន្រ្តីស៊ុន ចាន់ថុលអនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ជាមួយគណៈប្រតិភូនៃប្រទេសជប៉ុនដោយផ្តោតលើវិស័យភស្តុភារកម្ម និងហេដ្ឋារចនាសម្ព័ន្ឋ។
ភាគីជប៉ុនត្រូវបានដឹកនាំដោយលោកUENO Atsushi ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា។ កិច្ចប្រជុំនេះបានផ្តោតកិច្ចពិភាក្សាលើការងារភស្តុភារកម្ម ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងកំពង់ផែ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធ និងអ្នកតំណាងទីភ្នាក់ងារ JICA ប្រចាំកម្ពុជា។
អង្គប្រជុំបានជជែកពិភាក្សា ដោយផ្តោតសំខាន់លើការងារធំៗចំនួន២ រួមមាន ទី១ ការពង្រីកវិសាលភាព កំពង់ផែស្វយ័តក្រុងព្រះសីហនុ ឱ្យក្លាយទៅជាកំពង់ផែប្រចាំតំបន់ (The Regional Port) និង ទី២ គម្រោងសិក្សានិងរៀបចំបង្កើត តំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-ជប៉ុន (Cambodia-Japan Special Economic Zone) ដែលជាតំបន់សេដ្ឋកិច្ចពិសេសមួយ បង្កើតឡើងដើម្បីជំរុញលើកទឹកចិត្តបណ្តាវិនិយោគិនជប៉ុន ងាកមកវិនិយោគនៅកម្ពុជាឱ្យបានច្រើន។









