ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមការសិក្សាថ្មីមួយពីក្រុមហ៊ុន Wood Mackenzie Ltd បានឱ្យដឹងថា គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវរបស់ប្រទេសចិន(BRI) កំពុងជំរុញឆ្ពោះទៅរកការអភិវឌ្ឍន៍ថាមពលកកើតឡើងវិញ បន្ទាប់ពីBRI បានជួយប្រទេសផ្សេងទៀត ក្នុងការអភិវឌ្ឍការផលិតថាមពល ដ៏ច្រើនសន្ធឹកសន្ធាប់ អស់រយៈពេល១០ឆ្នាំកន្លងមក។
របាយការណ៍បានបន្តថា វិស័យថាមពលកកើតឡើងវិញគ្របដណ្តប់៥៧% នៃគម្រោងអភិវឌ្ឍន៍នៅក្រៅប្រទេស ដែលបច្ចុប្បន្នកំពុងរៀបចំផែនការ ឬកំពុងសាងសង់ បើធៀបនឹង៣៧% នៃសមត្ថភាពដែលបានសាងសង់ ក្នុងរយៈពេល១ទសវត្សរ៍ចុងក្រោយនេះ។
ការផ្លាស់ប្តូរនេះបានកើតឡើង ស្របពេលដែលតម្លៃទួរប៊ីនខ្យល់ និងបន្ទះស្រូបពន្លឺព្រះអាទិត្យបានធ្លាក់ចុះ ហើយរដ្ឋាភិបាលនៅតាមបណ្តាប្រទេសនានា កំពុងបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីងាកចេញឆ្ងាយពីការបំពុលឥន្ធនៈហ្វូស៊ីល។ លោក Alex Whitworth ប្រធានទីប្រឹក្សានៃថាមពលអាស៊ីប៉ាស៊ីហ្វិក និងការស្រាវជ្រាវលើថាមពល កកើតឡើងវិញបានអះអាងថា ប្រទេសចិនកំពុងផ្លាស់ប្តូរយុទ្ធសាស្រ្តរួមរបស់ខ្លួន ដូច្នេះយើងរំពឹងថា នឹងមើលឃើញការផ្តោត ការយកចិត្តទុកដាក់បន្ថែមទៀត លើការកកើតឡើងវិញ និងការបណ្តាក់ទុនវិនិយោគ ដោយផ្ទាល់ច្រើនជាងការផ្តល់ប្រាក់កម្ចីទ្វេរភាគី។
យោងតាមរបាយការណ៍ ពីមជ្ឈមណ្ឌលស្រាវជ្រាវថាមពល និងខ្យល់ស្អាតបានឱ្យដឹងថា កំណើននៃការផលិតថាមពលស្អាត ក្នុងស្រុករបស់ប្រទេសចិន នៅតែបន្តស្ទុះឡើងយ៉ាងលឿន ហើយការដំឡើងថាមពលពន្លឺព្រះអាទិត្យ ខ្យល់ នុយក្លេអ៊ែរ និងវារីអគ្គិសនីនៅឆ្នាំនេះ អាចនឹងបង្កើតអគ្គិសនីបានគ្រប់គ្រាន់ ដើម្បីផ្តល់ថាមពលដល់ប្រទេសបារាំងទាំងមូល។
ការសិក្សារបស់ក្រុមហ៊ុន Wood Mackenzie បានរកឃើញថា សមត្ថភាពផលិតថាមពល១២៨ជីហ្គាវ៉ាត់ ដែលស្មើនឹងទឹកប្រាក់វិនិយោគប្រហែល២០០ពាន់លានដុល្លារ ត្រូវបានបញ្ចប់ជាស្ថាពរនៅឆ្នាំ២០២៣នេះ តាមរយៈគំនិតផ្តួចផ្តើម BRI ដែលត្រូវបានប្រកាសដាក់ចេញដោយប្រធានាធិបតីចិន លោកស៊ីជីនពីង ក្នុងឆ្នាំ២០១៣៕Bloomberg៕