ដោយៈ ជេស៊ីកា
កណ្តាលៈ រដ្ឋបាលក្រុងអរិយក្សត្រ នឹងសាងសង់ផ្លូវមេចំនួន៤ខ្សែ ដើម្បីពង្រីកសក្តានុពលសេដ្ឋកិច្ច និងទាក់ទាញការវិនិយោគនៅទីក្រុង ដែលទើបបង្កើតថ្មីនេះ។
យោងតាមសេចក្តីជូនដំណឹង របស់រដ្ឋបាលក្រុងអរិយក្សត្រ ដែលបានប្រកាសបានឲ្យដឹង និងបានគោរព ជម្រាបជូនដំណឹងដល់ ឯកឧត្ដម លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញា ដែលមានក្បាលដីជាប់សងខាងផ្លូវ និងក្បាលដីចំគម្រោងបើកផ្លូវ ស្ថិតនៅក្នុងភូមិទួលមាស សង្កាត់អរិយក្សត្រ ក្រុងអរិយក្សត្រ ខេត្តកណ្ដាល ឲ្យបានជ្រាបថា ក្រុងអរិយក្សត្រនឹងស្ថាបនាបើកផ្លូវចំនួន៤ខ្សែ ឆ្ពោះចូលទៅរហូតដល់ទីតាំងសម្រាប់សងសង់ អាគារសាលាក្រុងអរិយក្សត្រ និងហេដ្ឋារចនាសម្ព័ន្ធជុំវិញ តំបន់រដ្ឋបាលក្រុងអរិយក្សត្រ។
ផែនការនេះធ្វើឡើងស្របតាមប្លង់គោល នៃប្លង់ប្រព័ន្ធតាមតម្រាយផ្លូវដូចជា ខ្សែទី១ ចាប់ផ្តើមចេញពីចំណុចចាប់ពីកែងផ្លូវ ៧០បេ ដល់រង្វង់មូល។ ខ្សែទី២ ចំណុចចាប់ពីរបងសាលាបឋមសិក្សាពេជ្រម្កុដ ដល់ផ្លូវ៧០បេ។ ខ្សែទី៣ ចំណុចចាប់ពីកែងផ្លូវ ៧០បេ ដល់ផ្លូវបេតុងចូលបុរីទួលសង្កែ និងខ្សែទី៤ ចំណុចចាប់ពីផ្លូវកែង ១៥ម៉ែត្រ ដល់ផ្លូវប្រសព្វ១៥ម៉ែត្រទៅបុរីទួលសង្កែ។
សេចក្តីជូនដំណឹងដដែលបានបន្តថា ដូចនេះ ដើម្បីឱ្យការអនុវត្តគម្រោងស្ថាបនា ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ខាងលើដំណើរការដោយរលូន ស្របតាមផែនការងារដែលបានគ្រោងទុក រដ្ឋបាលក្រុងអរិយក្សត្រ ស្នើដល់លោក លោកស្រី ដែលមានក្បាលដី ពាក់ព័ន្ធ សូមចូលរួមផ្ដល់កិច្ចសហការ បង្កលក្ខណៈងាយស្រួល ដល់ក្រុមមន្ត្រីជំនាញចុះអនុវត្តគម្រោងខាងលើ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ៕