ដោយៈ គង់ សូរិយា
ភ្នំពេញៈ សាជីវកម្មធានាឥណទានកម្ពុជា ភីអិលស៊ី (CGCC) បានចេញលិខិតបញ្ជាក់ការធានាឥណទាន(LG) ចំនួន១៨៨០គណនី ក្នុងទំហំទឹកប្រាក់កម្ចីប្រមាណ១៥៩,៦៩ លានដុល្លារគិតត្រឹមដំណាច់ខែវិច្ឆិកា។
ការចេញលិខិតនេះ ដើម្បីគាំទ្រដល់សហគ្រាសមីក្រូ ធុនតូច និងមធ្យម (MSMEs) ដែលរងផលប៉ះពាល់ ដោយការរីករាលដាលជំងឺរាតកូវីដ១៩ ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ។
យោងតាមតួលេខចុងក្រោយបំផុត គិតត្រឹមថ្ងៃទី ២២ ខែធ្នូ គិតត្រឹមចុងខែវិច្ឆិកា ទំហំប្រាក់កម្ចីដែលមានការធានា មានចំនួន ១១៣,៩៦លានដុល្លារ ហើយចំនួនទឹកប្រាក់ធានាមានចំនួន ៨២,១២លានដុល្លារ ខណៈដែលអនុបាតប្រាក់កម្ចីមិនដំណើរការ នៃចំនួនទឹកប្រាក់ធានាមានចំនួន៥,៤១ភាគរយ និងប្រាក់ទូទាត់សំណងមានចំនួន១២៣,៣៣៦ដុល្លារ។ ក្នុងទឹកប្រាក់ដែលបានផ្តល់នោះមាន១៧៣១ ជាMSME និង១៤៩ជាក្រុមហ៊ុនធំៗ។
លោក ម៉ី វ៉ាន់រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានថ្លែងនៅក្នុងសិក្ខាសាលាកាលពីខែថ្មីៗនេះថា សហគ្រាសធុនតូច និងមធ្យមបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម របស់កម្ពុជាតាមរយៈការរួមចំណែក កាត់បន្ថយភាពក្រីក្រចំនួន៥០,២ ភាគរយកាលពីឆ្នាំ២០០៣ មកត្រឹមតែ១៧,៨ ភាគរយកាលពីឆ្នាំ២០២០ តាមរយៈការបង្កើនការងារ និងប្រាក់ចំណូលសម្រាប់ប្រជាជនកម្ពុជា។
លោកបានឱ្យដឹងថា ការបង្កើតសាជី វកម្មធានាឥណទានកម្ពុជាភីអិលស៊ី (CGCC) គឺដើម្បីចែករំលែក ហានិភ័យ ជាមួយស្ថាប័នហិរញ្ញវត្ថុក្នុងការផ្តល់ប្រាក់កម្ចី ក្នុងគោលបំណងបង្កើនលទ្ធភាពទទួ លបានប្រាក់កម្ចីដល់អាជីវកម្ម ជាពិសេសសហគ្រាសធុនតូច និងមធ្យម។
លោកថ្លែងថា “រាជរដ្ឋាភិបាលបានចាត់ទុកថា ការប្រើប្រាស់ថវិការដ្ឋក្នុងការទ្រទ្រង់ហិរញ្ញប្បទាន តាមរយៈយន្តការធានាឥណទានមានអត្ថប្រយោជន៍ចម្បងទី១ គឺ “ប្រសិទ្ធភាពការប្រើប្រាស់” ដោយ ប្រើប្រាស់ដើមទុន របស់សាជីវកម្មធានាឥណទានកម្ពុជា ក្នុងការធានាកម្ចីបង្វិល ព្រោះដើមទុននេះ ប្រើប្រាស់តែ នៅ ពេលដែលប្រាក់កម្ចីធានាត្រូវបានបាត់បង់។
ដូច្នេះថវិការដ្ឋចំនួន២០០ លានដុល្លារ ដែលផ្តល់ដល់សាជីវកម្ម ធានាឥណទានកម្ពុជា ធ្វើជាដើមទុន វានឹងអាចទ្រទ្រង់ការចេញប្រាក់កម្ចីថ្មី ដែលមានការធានាជាង២០០លានដុល្លារ។ ទី២ ឧបករណ៍ទប់ទល់វិបត្តិ” តាមរយៈការរក្សាទំនុកចិត្តទីផ្សារ ជាពិសេសក្នុងអំឡុងពេលមានវិបត្តិ ដើម្បីធ្វើឱ្យមានតុល្យភាពសកម្មភាពសេដ្ឋកិច្ច។
ជាមួយគ្នានេះ លោក តូច ចៅចេក នាយកប្រតិបត្តិនៃធនាគារប្រៃសណីយ៍កម្ពុជា ភីអិលស៊ី (CPBank) ដែលជា ដៃគូរបស់ CGCC បានគូសបញ្ជាក់ថា សហគ្រាសធុនតូច និងមធ្យម (SME) ដែលបានចុះបញ្ជីត្រឹមត្រូវ និងស្វែងរកប្រាក់កម្ចី ដោយមានជំនួយពីសាជីវកម្មធានាឥណទានរដ្ឋកម្ពុជា ភីអិលស៊ី ជាសហគ្រាសរដ្ឋ មានហានិភ័យតិចជាងដៃគូរបស់ពួកគេ ដែលមិនបានចុះបញ្ជីត្រឹមត្រូវ។
កាលពីដើមខែមករា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានប្រកាសបន្តដាក់ឱ្យដំណើរការ នូវគម្រោងធានាឥណទាន ដើម្បីស្តារអាជីវកម្ម (BRGS) របស់CGCC ដើម្បីគាំទ្រដល់អាជីវកម្ម ទាំងមីក្រូសហគ្រាសធុនតូច និងមធ្យម (MSMEs) និងសហគ្រាសធំៗ ក្នុងការបង្កើនលទ្ធភាពទទួលបានហិរញ្ញប្បទាន ពីស្ថាប័នហិរញ្ញវត្ថុដែលចូលរួម (PFIs) សម្រាប់ជាទុនបង្វិល ការវិនិយោគ និងការពង្រីកអាជីវកម្ម៕