ដោយៈ គង់ សូរិយា
ភ្នំពេញៈ នៅក្នុងរាជធានីភ្នំពេញ គ្រប់តំបន់មិនមែនសុទ្ធតែដីមានតម្លៃខ្ពស់នោះទេ វាមានតំបន់ខ្លះខ្ពស់ តំបន់ខ្លះទាប ហើយសម្រាប់តំបន់ដែលមានតម្លៃដីធ្លីទាប គេអាចទិញដើម្បីទុកវិនិយោគបាន។
យោងតាមការវាយតម្លៃរបស់សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានបង្ហាញថា តំបន់ដែលមានតម្លៃដីធ្លីទាប គឺភាគច្រើនជាតំបន់ដែលនៅជាយក្រុង ឬឆ្ងាយពីទីប្រជុំជន ក្នុងនោះដែរ មានខណ្ឌចំនួន៣ដែលមានតម្លៃដីទាបជាងគេ។១.ខណ្ឌដង្កោ
ខណ្ឌដង្កោ ជាតំបន់នៅប៉ែកខាងត្បូងរាជធានីភ្នំពេញ ហើយខណ្ឌនេះ ជាខណ្ឌដែលនៅជាយរាជធានីភ្នំពេញ និងមានព្រំប្រទល់ជាប់នឹងខេត្តកណ្ដាល ស្រុកកណ្ដាលស្ទឹង។ តំបន់នេះមានតម្លៃស្ថិតនៅចន្លោះពី២៥ដុល្លារ ទៅ២៦០០ដុល្លារអាមេរិក ក្នុងមួយម៉ែត្រការ៉េ ក្នុងនោះសង្កាត់គងនយ ជាសង្កាត់ដែលមានតម្លៃដីទាបជាងគេ ក្នុងខណ្ឌនេះ គឺស្ថិតនៅចន្លោះពី២៥ដុល្លារ ទៅ១៨០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ។
ចំណែកសង្កាត់ដង្កោ ជាតំបន់ដែលមានតម្លៃខ្ពស់ជាងគេ ក្នុងចំណោមសង្កាត់ទាំងអស់ក្នុងខណ្ឌនេះ ដែលមានតម្លៃចន្លោះពី១២០ដុល្លារអាមេរិក ទៅ២៦០០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ។
២.ខណ្ឌព្រែកព្នៅ
ព្រែកព្នៅជាខណ្ឌ ដែលស្ថិតនៅខាងជើងរាជធានីភ្នំពេញ និងមានព្រំប្រទល់ជាប់នឹងស្រុកមុខកំពូល ខេត្តកណ្ដាល ។ តំបន់នេះ តម្លៃដីមានចន្លោះពី២០ដុល្លារអាមេរិក ទៅ១៦០០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ ដោយសង្កាត់ពន្សាំង ជាសង្កាត់ដែលមានតម្លៃដីធ្លីទាបជាងគេ ក្នុងចំណោមបណ្ដាសង្កាត់នានា ដោយតម្លៃដីធ្លីក្នុងសង្កាត់នេះ មានតម្លៃចន្លោះពី២០ដុល្លារអាមេរិក ទៅ៣៥០ដុល្លារអាមេរិក។
ចំណែកសង្កាត់ព្រែកព្នៅ ចាត់ទុកជាសង្កាត់ដែលមានតម្លៃដីខ្ពស់ជាងគេ ស្ថិតនៅក្នុងតម្លៃចន្លោះ ពី១២០ដុល្លារអាមេរិកទៅ១៦០០ដុល្លារអាមេរិក។
៣. ខណ្ឌកំបូល
ខណ្ឌនេះស្ថិតនៅប៉ែកខាងលិចរាជធានីភ្នំពេញ ដែលមានព្រំប្រទល់ជាប់នឹងស្រុកអង្គស្នួល ខេត្តកណ្ដាល ។ តម្លៃដីក្នុងខណ្ឌនគេអាចរកបាន ចន្លោះពី៣០ដុល្លារអាមេរិក ទៅ១៨០០ដុល្លារអាមេរិក ក្នុងនោះដែរសង្កាត់ប្រទះឡាង ជាតំបន់ដែលមានតម្លៃដីទាបជាងគេក្នុងខណ្ឌកំបូល ដោយមានតម្លៃចន្លោះពី ៣០ដុល្លារអាមេរិកទៅ២៨០ដុល្លារអាមេរិក ។
ចំណែកសង្កាត់កំបូល ជាតំបន់ដែលមានតម្លៃខ្ពស់ជាងគេ ក្នុងខណ្ឌកំបូល ដោយតម្លៃវាស្ថិតនៅក្នុងចន្លោះ ពី៦០ដុល្លារអាមេរិកទៅ១៨០០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ ។
អ្នកជំនាញនៃវិស័យដីធ្លីបានឱ្យដឹងថា ចង់វិនិយោគដីធ្លីទទួលបានប្រាក់ចំណេញ អ្នកវិនិយោគគួរស្វែងរកដីធ្លី នៅតំបន់ដែលស្ថិតនៅឆ្ងាយពីទីក្រុង ពីព្រោះដីនៅតំបន់ជាយក្រុង មានតម្លៃទាបជាតំបន់កណ្ដាលក្រុង ហើយទិញដីនៅតំបន់ជាយក្រុង ក្នុងរយៈពេលណាមួយលក់វិញ នោះអ្នកវិនិយោគនឹងទទួលបានផលចំណេញខ្ពស់៕