ដោយៈ គង់ សូរិយា
ភ្នំពេញៈ ការធ្វើជំរឿនសេដ្ឋកិច្ចនៅកម្ពុជាបានបង្ហាញថា អង្គភាពសេដ្ឋកិច្ច ដែលមានម្ចាស់ជាជនជាតិចិនមាន២.៦០៨ សហគ្រាស ស្មើនឹង០,៣ភាគរយ នៃសហគ្រាសឬអង្គភាពសេដ្ឋកិច្ចទូទាំងប្រទេស។
តាមពីក្រោយចិន គឺជាជនជាតិវៀតណាមមាន ១.៥៨១ សហគ្រាសស្មើនឹង០,២ភាគរយ ម្ចាស់ជាជនជាតិអាស៊ីផ្សេងៗទៀតមាន ១.១៩៨ សហគ្រាសស្មើនឹង០២ភាគរយ និងជនជាតិកូរ៉េខាងត្បូងមាន៤៣៩ សហគ្រាសស្មើនឹង០,១ភាគរយ។
លទ្ឋផលជំរឿនបានបង្ហាញទៀតថា អង្គភាពសេដ្ឋកិច្ចដែលម្ចាស់បរទេស មានភាគហ៊ុនជាមួយកម្ពុជា គឺមានតិចជាង១ភាគរយ នៅក្នុងឆ្នាំ២០២២។បើប្រៀបធៀបលទ្ធផលចុងក្រោយ នៃជំរឿនសេដ្ឋកិច្ចឆ្នាំ២០២២ ទៅនឹងលទ្ធផលនៃជំរឿនសេដ្ឋកិច្ចនៅឆ្នាំ ២០១១ ចំនួនអង្គភាពសេដ្ឋកិច្ចនៅឆ្នាំ២០២២ បានកើនឡើងប្រមាណ៤៩% ជាមួយនឹងអត្រាកំណើនប្រចាំឆ្នាំមាន ៣,៧%។
របាយការណ៍ជំរឿនបានបញ្ជាក់ដែរថា ចំនួនអង្គភាពសេដ្ឋកិច្ចភាគច្រើន មានម្ចាស់ជាជនជាតិកម្ពុជា មានប្រមាណ ៩៩,១% ស្មើប្រមាណ៧៤៧.០១០ សហគ្រាស។ការធ្វើជំរឿនសេដ្ឋកិច្ច ឆ្នាំ២០២២ គ្របដណ្ដប់លើអង្គភាពសេដ្ឋកិច្ច មានទីតាំងជាក់លាក់អចិន្ត្រៃយ៍ទាំងអស់ ដែលស្ថិតក្នុងដែនដីនៃព្រះរាជាណាចក្រកម្ពុជា។ លទ្ធផលចុងក្រោយ នៃការធ្វើជំរឿនសេដ្ឋកិច្ចឆ្នាំ២០២២ ត្រូវបានផ្សព្វផ្សាយបន្ទាប់ពី ការប្រព្រឹត្តកម្មទិន្នន័យនិងវិភាគទិន្នន័យអស់រយៈពេលជាងមួយឆ្នាំ។
អង្គភាពសេដ្ឋកិច្ច គឺសំដៅលើអង្គភាពអាជីវកម្ម ឬសហគ្រាស ដែលកាន់កាប់អគារ បរិវេណ ឬកន្លែងជាក់លាក់ណាមួយសម្រាប់អនុវត្តសកម្មភាពសេដ្ឋកិច្ចរបស់ខ្លួន៕