ដោយៈ ជេស៊ីកា
បាត់ដំបងៈ ជាទឹកដីមួយមិនត្រឹមតែពោរពេញ ដោយមនោសញ្ខេតនា និងបទចម្រៀងដ៏អន្លង់អន្លោចនោះទេ ប៉ុន្តែខេត្តនេះមានសក្តានុពលជាច្រើន ដែលត្រៀមរះឡើងនាពេលអនាគត។
ជាខេត្តមួយក្នុងចំណោមខេត្តចំនួន៤ នៃប៉ូលសេដ្ឋកិច្ចទី៤ ដែលបានប្រកាសដោយសម្តេចតេជោហ៊ុន សែនអតីតនាយករដ្ឋមន្រ្តីនៃកម្ពុជាអាណត្តិទី៦ ខេត្តបាត់ដំបងមានសក្តានុពលជាច្រើន លើវិស័យ ទេសចរណ៍ កសិកម្ម ពាណិជ្ជកម្ម និងការអភិវឌ្ឍអចលនទ្រព្យផងដែរ។រាជរដ្ឋាភិបាលបាននិងកំពុងសាងសង់ ផ្លូវជាប្រវត្តិសាស្រ្តតភ្ជាប់ ពីភូមិភាគពាយ័ព្យ ទៅកាន់តំបន់ឆ្នេរជាលើកដំបូង គឺផ្លូវជាតិលេខ១០ ដែលបាននិងកំពុងសាងសង់យ៉ាងសកម្ម។ គម្រោងសាងសង់ផ្លូវតភ្ជាប់រវាងខេត្តសៀមរាប មកកាន់ខេត្តបាត់ដំបង ដោយឆ្លងកាត់ទន្លេរសាប គំរោងស្តារនិងសាងសង់ឡើងវិញ នូវព្រលានយន្តហោះរបស់ខេត្តនេះ ក៏បាននិងកំពុងជម្រុញសក្តានុពលរបស់ខេត្ត ដែលមានប្រជាជនរស់នៅប្រមាណ១លាននាក់នេះផងដែរ។
ជាអ្នកតាមដាន និងវិភាគព័ត៌មានអចលនទ្រព្យ លោកយិន លាងគង់បានមានប្រសាសន៍ឲ្យដឹង កាលពីល្ងាចថ្ងៃទី២៩ ធ្នូថា ខេត្តនេះ មានសក្តានុពលរីកចម្រើននាពេលអនាគត លើវិស័យជាច្រើន ពិសេសវិស័យទេសចរណ៍ ដោយសារក្រុងបាត់ដំបង ត្រូវបានអង្គការយូណេស្កូដាក់បញ្ចូល ជាទីក្រុងបេតិកភ័ណ្ឌវប្បធ៌មរួចហើយ។
លោកបន្តថា “ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងខេត្តនេះ ធៀបនឹងខេត្តដទៃ នៅក្នុងតំបន់ប៉ូលសេដ្ឋកិច្ចទី៤នេះ មានភាពប្រសើរជាងគេ ដែលធ្វើឲ្យអំណាចនៃការទិញ និងសក្តានុពលទេសចរណ៍ប្រវត្តិសាស្រ្ត បានធ្វើឲ្យខេត្តនេះ កាន់តែមានពន្លឺចែងចាំងនាពេលអនាគត”។លោកយិន លាងគង់បានបន្តថា “ក្នុងនាមជាពលរដ្ឋម្នាក់ ដែលបានដើរកំសាន្តគ្រប់រាជធានី ខេត្តទាំ២៥ ខ្ញុំស្រលាញ់ និងជាប់ចិត្តខេត្តនេះជាងគេ”។
ជាខេត្តមួយដែលបណ្តុំដោយ រមណីយដ្ឋានធម្មជាតិ ប្រវត្តិសាស្រ្ត និងវប្បធ៌មដ៏សម្បូរបែប ខេត្តនេះក៏បានទាក់ចិត្តប្រតិបត្តិករទេសចរណ៍ផងដែរ។
ទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោកហូ វណ្ឌីបានមានប្រសាសន៍ថា ខេត្តនេះមានអ្វីលើសពីការចាប់អារម្មណ៍ ដោយភ្នែកទទេ វាពោរពេញដោយអាថ៌កំបាំង ព្រោះក្រៅពីដំណាំកសិកម្ម ស្រូវ ក្រូចពោធ៍សាត់ និងដំណាំហូចផ្លែជាច្រើនទៀត ខេត្តបាត់ដំបងមានសម្បត្តិវប្បធ៌ម ប្រវត្តិសាស្រ្តដ៏គួរឲ្យស្ញប់ស្ញែងមួយ។លោកបន្តថា “ជាក់ស្តែងខេត្តនេះ បានទាក់ទាញភ្ញៀវទេសចរណ៍អឺរ៉ុបច្រើន ដោយសារពួកគេមកសិក្សាពីប្រវត្តិសាស្រ្ត មកលំហែរ នៅទឹកដីនេះ”។ ដោយសារភាពស៊ីវិល័យ របស់ប្រជាពលរដ្ឋ ខេត្តនេះក៏បានទាក់ទាញគំរោងអភិវឌ្ឍន៍ផ្ទះលំហែរផងដែរ។
លោកឧកញ៉ាភួ ពុយ ប្រធានសភាពាណិជ្ជកម្មខេត្ត ដែលបានវិនិយោគគំរោងជាច្រើននៅក្នុងខេត្ត រួមទាំងផ្សារ បុរីជាដើមបានមានប្រសាសន៍ថា ការរីកចម្រើនជីវភាពរបស់ប្រជាពលរដ្ឋ បានធ្វើឲ្យការសាងសង់បុរីបានកើនឡើង ពិសេសការសាងសង់ផ្ទះលំហែរតូចៗ ដែលមានតម្លៃសមរម្យ បានលក់អស់ច្រើន ចាប់តាំងពីវិបត្តិកូវីដនាពេលកន្លងមក។ លោកនៅតែបង្ហាញជំនឿ និងសុទិដ្ឋិនិយម ពីសក្តានុពល និងការរីកចម្រើនរបស់ខេត្តកាន់តែខ្លាំងនាពេលអនាគត៕