ដំណឹងល្អៈកម្ពុជាទទួលអ្នកដំណើរតាមផ្លូវអាកាសកើនឡើង១០៦ភាគរយជាមួយអ្នកដំណើរជាង១,៥លាននាក់

0

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ទទួលបានជើងហោះហើរជិត៩០០០ជើង កើនឡើងជាង៣១% និងមានអ្នក​ដំណើរចំនួនជាង១,៥លាននាក់ កើនឡើង១០៦% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំមុន។

នេះបើតាមការបញ្ជាក់របស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងពិធី “បើកសន្និបាតបូកសរុបលទ្ធ​ផលការងារ ឆ្នាំ២០២៣ និងទិសដៅអនុវត្តការងារ ឆ្នាំ២០២៤ របស់រដ្ឋបាលរាជធានីភ្នំពេញ” នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣។លោក ឃួង ស្រេងបានឱ្យដឹងដូច្នេះថា នៅក្នុងឆ្នាំ២០២៣នេះ ចំនួនជើងហោះហើរ និងចំនួនអ្នកដំណើរ តាមរយៈអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានបន្តកើនឡើងវិញគួរឱ្យកត់សម្គាល់ ស្របតាមគោលនយោបាយ ​លើកកម្ពស់វិស័យទេសចរណ៍ របស់រាជរដ្ឋាភិបាល ក្នុងនោះជើងហោះហើរសរុបមានចំនួន៨,៧៤០ជើង កើនឡើង ៣១,៦៤% និងអ្នកដំណើរសរុបមានចំនួន១,៥៤៣,២៦៩នាក់ កើនឡើង១០៦% ធៀបនឹងរយៈពេល ដូចគ្នាក្នុង​ឆ្នាំមុន។​
លោកឃួង ស្រេងបានលើកឡើងទៀតថា បច្ចុប្បន្ន ទោះបីសេដ្ឋកិច្ចជាតិ ត្រូវបានរាំងស្ទះដោយវិបត្តិជាសកល និងភាពមិនច្បាស់​លាស់ នៃសេដ្ឋកិច្ចពិភពលោកយ៉ាងណាក្តី ក៏គម្រោងអភិវឌ្ឍន៍ជាច្រើន បាននិងកំពុងដំណើរ​ការសាងសង់ នៅក្នុងរាជធានីភ្នំពេញ ក្នុងនោះ នៅរាជធានីភ្នំពេញ មានសំណង់បុរីចំនួន៣១០កន្លែង អគារខ្ពស់ៗចាប់​ពីប្រាំ​ជាន់ឡើងទៅ មានចំនួន១៧៧៧ អគារ។

រដ្ឋបាលរាជធានី បានពិនិត្យលើឯកសារស្នើសុំលិខិតអនុញ្ញាតសាង​សង់ ក្នុងគម្រោង​ថ្មីចំនួន៥៣៦គម្រោង លើផ្ទៃក្រឡាសំណង់សរុប២៦៩,១៦៦ ម៉ែត្រការ៉េ ដែលមានទំហំទុនវិនិយោគប៉ាន់ស្មាន​ប្រមាណ១៣២លានដុល្លាអាមេរិក៕

LEAVE A REPLY

Please enter your comment!
Please enter your name here