ដោយ: គង់ លាងហួរ
អន្តរជាតិ: វាជារឿងដ៏គួរឱ្យភ្ញាក់ផ្អើលដែលទីក្រុងប៉ារីស នៅក្នុងប្រទេសបារាំង ធ្លាក់មកនៅចំណាត់ថ្នាក់លេខ២ ក្នុងចំណោមទីក្រុងទាំង១០នៅលើពិភពលោក ដែលទទួលបានភ្ញៀវទេសចរច្រើនជាងគេ ក្នុងឆ្នាំ២០២៣នេះ។
យោងតាមរបាយការណ៍ របស់ក្រុមហ៊ុនសាជីវកម្មទូទាត់ប្រាក់ Mastercard បានឱ្យដឹងថា ទីក្រុងប៉ារីស បានធ្លាក់មកនៅជាទីក្រុង ដែលទទួលបានភ្ញៀវទេសចរច្រើន ជាងគេលំដាប់ទី២នៅលើពិភពលោក បន្ទាប់ពីរដ្ឋធានីនៃប្រទេសបារាំងមួយនេះ បានកាន់កាប់តំណែ ងកំពូលទី១អស់រយៈពេល២ឆ្នាំជាប់ៗគ្នា។ជាក់ស្តែង រាជធានីបាងកកនៃប្រទេសថៃ បានដណ្តើមយកចំណាត់ថ្នាក់លេខ១ ដោយទទួលបានភ្ញៀវទេសចរបរទេសចំនួន២២,៧៨លាននាក់ក្នុងឆ្នាំនេះ ខណៈទីក្រុងប៉ារីស ទទួលបានភ្ញៀវទេសចរបរទេសចំនួន១៩,១០លាននាក់។
ចំណែក ទីក្រុងឡុង៏ នៃប្រទេសអង់គ្លេស ជាប់ចំណាត់ថ្នាក់លេខ៣ ដោយទទួលបានភ្ញៀវទេសចរបរទេស ចំនួន១៩,០៩លាននាក់ ខណៈទីក្រុងឌូបៃនៃប្រទេសអារ៉ាប់រួម ជាប់ចំណាត់ថ្នាក់លេខ៤ ដោយទទួលបានភ្ញៀវទេសចរបរទេសចំនួន១៥,៩៣លាននាក់។
ប្រទេសសិង្ហបុរីជាប់ចំណាត់ថ្នាក់លេខ៥ ដោយទទួលបានភ្ញៀវទេសចរបរទេសចំនួន១៤,៦៧លាននាក់ ខណៈទីក្រុងគូឡាឡាំពួនៃប្រទេសម៉ាឡេស៊ី ជាប់ចំណាត់ថ្នាក់លេខ៦ ដោយទទួលបានភ្ញៀវទេសចរបរទេសចំនួន១៣,៧៩លាននាក់។
ទីក្រុងញ៉ូវយ៉កនៃសហរដ្ឋអាមេរិក ជាប់ចំណាត់ថ្នាក់លេខ៧ ដោយទទួលបានភ្ញៀវទេសចរបរទេស ចំនួន១៣,៦០លាននាក់ ខណៈទីក្រុងអ៊ីស្តង់ប៊ុល នៃប្រទេសទួគី ជាប់ចំណាត់ថ្នាក់លេខ៨ ដោយទទួលបានភ្ញៀវទេសចរបរទេស ចំនួន១៣,៤០លាននាក់។
ចំណែកទីក្រុងតូក្យូ នៃប្រទេសជប៉ុន បានជាប់ចំណាត់ថ្នាក់លេខ៩ ដោយទទួលបានភ្ញៀវទេសចរបរទេស ចំនួន១២,៩៣លាននាក់ ខណៈទីក្រុងអង់តាលីយ៉ានៃប្រទេសទួគី ជាប់ចំណាត់ថ្នាក់លេខ១០ ដោយទទួលបានភ្ញៀវទេសចរបរទេស បានចំនួន១២,៤១លាននាក់៕The Nation៕