ដោយៈ គង់ សូរិយា
ភ្នំពេញៈ ប្រទេសចំនួន៥ បានស្រូបទាញទំហំពាណិជ្ជកម្មកម្ពុជា ដែលមានទឹកប្រាក់បានជិត១៤ពាន់លានដុល្លារ ឬស្មើនឹងជាង២/៣ នៃចំនួនទឹកប្រាក់នាំចេញ ទំនិញសរុបជាង២០ពាន់លានដុល្លារនៅក្នុងរយៈពេល១១ខែឆ្នាំនេះ។
យោងតារាងស្ថិតិទំនិញពាណិជ្ជកម្ម នាំចេញរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) បានបង្ហាញថា ចន្លោះពីខែមករា-ខែវិច្ឆិកា ឆ្នាំ២០២៣ កម្ពុជាបាននាំចេញទំនិញទៅទីផ្សារអន្តរជាតិក្នុងតម្លៃសរុបជាង២០,៤៩ ពាន់លានដុល្លារ កើនឡើង១,២ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំមុន ដែលមានចំនួន២០,២៤ ពាន់លានដុល្លារ។
ទំហំទឹកប្រាក់នាំចេញខាងលើនេះ គឺបាននាំចេញទៅទីផ្សារធំទាំង ៥ រួមមាន អាមេរិក វៀតណាម ចិន ជប៉ុន និងប្រទេសកាណាដា មានទឹកប្រាក់សរុប ១៣,៩១ ពាន់លានដុល្លារ កើនឡើង៤,៤៥ ភាគរយធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ចំនួនទឹកប្រាក់នាំចេញទំនិញទៅប្រទេសទាំង៥ គឺស្មើនឹង៦៧,៨ភាគរយ នៃទំហំការនាំចេញសរុប ខណៈរយៈពេលដូចគ្នាឆ្នាំ២០២២ មានចំនួនត្រឹម៦៥,៩ ភាគរយ។
-->
អ្នកវិភាគសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បានមានប្រសាសន៍ថា កំណើនទំហំទឹកប្រាក់នាំចេញ ទំនិញទៅទីផ្សារអន្តរជាតិគឺជារឿងល្អ ជាពិសេសក្នុងដំណាក់កាលដែលកំណើនសេដ្ឋកិច្ចពិភពលោក ស្ថិតក្នុងភាពមិនច្បាស់លាស់ដូចពេលនេះ។
លោកបន្តថា មូលហេតុដែលប្រទេសទាំង៥ ជាចំណែកសំខាន់ក្នុងការទិញទំនិញពីកម្ពុជា អាចដោយសារកត្តាមួយចំនួនដូចជា ភាពល្អប្រសើរនៃទំនាក់ទំនងការទូត គុណភាពទំនិញកម្ពុជាស្របតាមការចង់បានរបស់អ្នកបញ្ជាទិញ និងកម្ពុជាមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីពហុភាគី។
លោកបានថ្លែងថា “ខ្ញុំមានសុទិដ្ឋិនិយមថា ចរាចរណ៍ទំនិញកម្ពុជាទៅទីផ្សារអន្តរជាតិ ពិសេសប្រទេសទាំង៥ នឹងមានច្រើនបន្ថែមទៀតចាប់ពីឆ្នាំ២០២៤ខាងមុខ”។ លោកបន្តថា “សមត្ថភាពផលិតកម្ម និងគុណភាពទំនិញកម្ពុជា មានភាពល្អប្រសើរជាលំដាប់”។
ជាមួយគ្នានេះ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា អ្នកឧកញ៉ា លឹម ហេង បានមានប្រសាសន៍ឲ្យដឹងផងដែរថា ការកើនឡើងនៃសមត្ថភាពផលិតកម្ម ក្នុងស្រុកនារយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះបានជួយឱ្យការនាំចេញទំនិញពីកម្ពុជា ទៅគ្រប់គោលដៅលើពិភពលោកកើនឡើងកាន់តែខ្ពស់។
លោកបន្តថា “កំណើនផលិតកម្មក្នុងស្រុក គឺមិនត្រឹមតែជួយឱ្យកម្ពុជា កាត់បន្ថយការពឹងផ្អែក លើការនាំចូលពីបរទេសប៉ុណ្ណោះទេ ប៉ុន្តែក៏ធ្វើឱ្យកេរ្តិ៍ឈ្មោះគុណភាព ផលិតផលកម្ពុជាត្រូវបានគេទទួលស្គាល់កាន់តែច្រើន”។ លោកបន្ថែមថា “ជាមួយនឹងការខិតខំរបស់រដ្ឋាភិបាល និងផ្នែកឯកជន កម្ពុជាបានពង្រឹង និងពង្រីកទីផ្សាររបស់ខ្លួនបានកាន់តែធំនាពេលនេះ”៕