ដោយ: គង់ លាងហួរ
អន្តរជាតិ: កាលពីថ្ងៃទី២៧ ខែធ្នូ រដ្ឋាភិបាលជប៉ុនបានច្រានចោលផែនការ បើករមណីយដ្ឋានកាស៊ីណូមួយ នៅក្នុងខេត្តណាហ្គាសាគិ (Nagasaki) ភាគនិរតីនៃប្រទេសជប៉ុន ស្របពេលមានភាពមិនច្បាស់លាស់ អំពីលទ្ធភាពនៃការផ្តល់មូលនិធិរបស់ខ្លួន។
ផែនការសាងសង់រមណីយដ្ឋានកាស៊ីណូមួយ នៅក្នុងខេត្ត Nagasaki ត្រូវបានរដ្ឋាភិបាលពិនិត្យឡើងវិញ ចាប់តាំងពីខែមេសាមកម្ល៉េះ បន្ទាប់ពីរដ្ឋាភិបាលបានអនុម័ត លើគម្រោងសាងសង់កាស៊ីណូនៅទីក្រុងអូសាកា (Osaka)។
កាលពីដើមឡើយ គម្រោងកាស៊ីណូក្នុងខេត្ត Nagasaki ដែលស្ថិតនៅរមណីយដ្ឋានជាប់មាត់សមុទ្រ Huis Ten Bosch រចនាប័ទ្មហូឡង់ ត្រូវបានគេរំពឹងថា នឹងទាក់ទាញអ្នកទស្សនាចំនួន៨,៤លាននាក់ជារៀងរាល់ឆ្នាំ ដោយនាំមកនូវផលប្រយោជន៍ ផ្នែកសេដ្ឋកិច្ចចំនួន៣៣០ពាន់លានយ៉េន (ប្រមាណ២,៣ពាន់លានដុល្លារ) ដល់តំបន់ភាគនិរតីនៃប្រទេសជប៉ុន។
ផែនការសាងសង់កាស៊ីណូ ក្នុងខេត្ត Nagasaki នៅតែស្ថិតក្រោមការត្រួតពិនិត្យ រហូតទាល់មានការច្រានចោល នាពេលនេះ បន្ទាប់ពីរដ្ឋាភិបាលជប៉ុន បានអនុម័តឱ្យសាងសង់កាស៊ីណូ នៅទីក្រុង Osaka កាលពីខែមេសា ដែលនឹងក្លាយជារមណីយដ្ឋានកាស៊ីណូស្របច្បាប់ដំបូងបង្អស់របស់ប្រទេសជប៉ុន។






