ដោយៈ ហ្វីអូណា
សៀមរាបៈ រដ្ឋបាលខេត្តសៀមរាប បានរៀបចំនីតិវិធីស្នើទៅក្រសួងមហាផ្ទៃ ដើម្បីបង្កើតរដ្ឋបាលក្រុងថ្មី ដែលត្រូវកាត់យកឃុំចំនួនពីររបស់ស្រុកបន្ទាយស្រី និងស្រុកប្រាសាទបាគង សម្រាប់អភិវឌ្ឍប្រែក្លាយទៅជាទីក្រុងគំរូរបស់ខេត្ត។
ការស្នើបង្កើតតំបន់រុនតាឯក ទៅជាទីក្រុងថ្មីរបស់រដ្ឋបាលខេត្ត បន្ទាប់ពីសម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជាបាន ណែនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងទេសចរណ៍ និងក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ លើកកម្ពស់សេដ្ឋកិច្ច និងបង្កើតការងារក្នុងតំបន់រុនតាឯក ដើម្បីប្រែក្លាយទៅជាតំបន់អភិវឌ្ឍន៍ថ្មី សម្រាប់អ្នកជំនាន់ក្រោយ។ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាលខេត្ដសៀមរាប កាលពីថ្ងៃចន្ទ ដល់ថ្ងៃអង្គារ លោក ប្រាក់ សោភ័ណ អភិបាលខេត្ដសៀមរាប បានឱ្យដឹងថា រដ្ឋបាលខេត្តបានរៀបចំ ស្នើសុំទៅក្រសួងមហាផ្ទៃ ដើម្បីបង្កើតរដ្ឋបាលក្រុងថ្មី ដែលមានឈ្មោះថា ក្រុងរុនតាឯក តេជោសែន។លោកបន្តថា “ការបង្កើតឱ្យមានក្រុងថ្មី (ក្រុងរុនតាឯក តេជោសែន) ដោយកាត់យកឃុំចំនួនពីរ គឺឃុំរុនតាឯក នៃស្រុកបន្ទាយស្រី និងឃុំបល្ល័ង្គ នៃស្រុកប្រាសាទបាគង”។
លោកបន្តថា រដ្ឋបាលខេត្ត ក៏បានរៀបចំសេវាដឹកជញ្ជូនសាធារណៈតាមរយៈរថយន្តក្រុង របស់រដ្ឋបាលខេត្ត ដោយដឹកជញ្ជូនប្រជាពលរដ្ឋឥតគិតថ្លៃទាំងទៅ និងមកពីតំបន់អភិវឌ្ឍន៍រុនតាឯក និងក្រុងសៀមរាប ដែលនឹងដាក់ឱ្យដំណើរការជាផ្លូវការ នៅដើមឆ្នាំ២០២៤ ខាងមុខ។លោកបញ្ជាក់ថា ក្នុងដំណាក់កាលទី៣ រដ្ឋាភិបាលបានផ្តល់ដីឡូតិ៍ចំនួន១,១២៦ឡូតិ៍ ដើមី្បដោះស្រាយជូនប្រជាពលរដ្ឋ ដែលរស់នៅតាមចំណីស្ទឹងសៀមរាប និងដំណាក់កាលទី៤ រដ្ឋាភិបាលបានផ្តល់ជូនដល់ប្រជាពលរដ្ឋស្ម័គ្រចិត្ត ចាកចេញពីតំបន់រមណីយដ្ឋានអង្គរ គឺមានដីឡូតិ៍ចំនួន៥,៨៦៥។
លោក ប្រាក់ សោភ័ណបានបន្ថែមថា បច្ចុប្បន្នក្រុមការងារបានរៀបចំហេដ្ឋារចនាសម្ព័ន្ធផ្លូវ ថ្នល់ ប្រព័ន្ធទឹកកខ្វក់ ប្រព័ន្ធទឹកស្អាត បណ្តាញអគ្គិសនី សាលាស្រុក សាលារៀន មន្ទីរពេទ្យ វត្តអារាម ផ្សារលក់ដូរ និងប៉ុស្តិ៍នគរបាលរដ្ឋបាលផងដែរ។
ជាមួយគ្នានេះ លោក ប្រាក់ សំអឿន រដ្ឋលេខាធិការក្រសួងមហាផ្ទៃបានឱ្យដឹងថាក្រោយពីប្រជាពលរដ្ឋបានដឹង ពីគម្រោងបង្កើតក្រុងថ្មីបែបនេះ ពួកគេបានត្រេកអរ និងសាទរដែលតំបន់ក្នុងភូមិសាស្ត្រភូមិឃុំ របស់ពួកគាត់បានក្លាយទៅជាក្រុង ដែលធ្វើឱ្យដីធ្លីកាន់តែមានតម្លៃខ្ពស់ ដូចនៅក្រុងសៀមរាបដែរ។
លោកបន្ថែមថា តាមការពិនិត្យទៅលើឃុំចំនួនបី គឺមានតែឃុំចំនួនពីរតែប៉ុណ្ណោះ ដែលអាចបង្កើតជាក្រុងបាន នោះគឺមាន ឃុំរុនតាឯក ដែលបច្ចុប្បន្នជាឃុំរបស់ស្រុកបន្ទាយស្រី និងឃុំបល្ល័ង្គ ជាឃុំរបស់ស្រុកប្រាសាទបាគង ដែលមានហេដ្ឋារចនាសម្ពន្ធសមស្របទៅនឹងនីតិវិធីនៃការបង្កើតទីក្រុងថ្មី។រដ្ឋលេខាធិការក៏បានជំរុញ និងណែនាំដល់អាជ្ញាធរខេត្ត ត្រូវធ្វើការពិភាក្សាឱ្យបានជាក់លាក់ ជាមួយក្រុមប្រឹក្សាខេត្ត ដើម្បីដាក់ឈ្មោះទីក្រុងថ្មីនេះ ដើមី្បដាក់ជូនរដ្ឋាភិបាល និងស្មើសុំទៅរដ្ឋសភាសម្រេចជាផ្លូវការ។
លោក ប្រាក់ សំអឿន បញ្ជាក់ថា តំបន់រុនតាឯកនេះ ក៏ជាសក្តានុពលនៃវិស័យទេសចរណ៍មួយរបស់ខេត្តសៀមរាប ក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដើម្បីចូលទៅកម្សាន្ត ហើយក៏ជាប្រភពចំណូលសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋផងដែរ។
ចំណែកលោកស្រី ឈួន អ៊ឹម មេឃុំរុនតាឯកបានមានប្រសាសន៍ឲ្យដឹងផងដែរថា បច្ចុប្បន្នជីវភាពប្រជាពលរដ្ឋ មិនទាន់មានភាពល្អប្រសើរនោះទេ ដោយសារតំបន់រុនតាឯក កំពុងស្ថិតក្នុងការអភិវឌ្ឍ និងពុំទាន់មានការងារធ្វើសម្រាប់ប្រជាពលរដ្ឋ ដូច្នេះពួកគេមួយចំនួនបានទៅប្រកបមុខរបរ នៅកន្លែងដែលខ្លួនធ្លាប់រស់នៅមួយរយៈសិន។
លោកស្រីបញ្ជាក់ថា “មួយសប្ដាហ៍ ឬពីរសប្ដាហ៍ ទើបពួកគាត់បានមកសម្រាកនៅផ្ទះម្ដង ប៉ុន្តែអ្នកខ្លះគាត់ប្រកបមុខរបរនៅក្នុងភូមិនេះស្រាប់ ហើយអ្នកខ្លះទុកផ្ទះចោល ប៉ុន្តែមិនមែនទៅទាំងអស់គ្នានោះទេ។ គាត់ទុកកូនក្មេង ឬមនុស្សចាស់ ដើម្បីឱ្យនៅចាំផ្ទះ”។
លោកស្រីឈួន អ៊ឹម បានបន្ថែមថា បច្ចុប្បន្នភាគីពាក់ព័ន្ធបានបង្កើតផ្សារ ក្នុងតំបន់រុនតាឯកបានប្រហែល៩០% ប៉ុន្តែសាលារៀនដាក់ឱ្យដំណើរការបានជាងពីរឆ្នាំ ខណៈមន្ទីរពេទ្យបានបើកឱ្យដំណើរការបានប្រមាណ៦ខែហើយ។ បច្ចុប្បន្នប្រជាពលរដ្ឋរស់នៅក្នុងឃុំរុនតាឯក ទាំងអ្នករស់នៅចាស់ និងទាំងអ្នករស់នៅថ្មី គឺមានចំនួន៦៧១១គ្រួសារ៕