ដោយ: គង់ លាងហួរ
អន្តរជាតិ: អ្នកវិភាគបានព្យាករថា ការលក់អចលនទ្រព្យនៅប្រទេសម៉ាឡេស៊ីនឹងមានភាពប្រសើរឡើងនៅឆ្នាំ២០២៤ ដែលជំរុញដោយទស្សនវិស័យសេដ្ឋកិច្ចកាន់តែប្រសើរឡើង និងការអភិវឌ្ឍន៍គម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗ។
ធនាគារ AmInvestment Bank បានឱ្យដឹងតាមរយៈការចេញផ្សាយ របាយការណ៍ថ្មី ថា ចំនួនប្រតិបត្តិការទិញ-លក់ និងទំនុកចិត្តនៅក្នុងវិស័យអចលនទ្រព្យរបស់ប្រទេសម៉ាឡេសុីនឹងមានការងើបឡើងវិញបន្តិចម្តងៗក្នុងឆ្នាំ២០២៤។
ធនាគារខាងលើបន្តថា ការស្ទុះងើបឡើងវិញនេះ បណ្តាលមកពី ការព្យាករណ៍កំណើនសេដ្ឋកិច្ចម៉ាឡេសុី ក្នុងរង្វង់៤,៥ភាគរយ ការស្តារទីផ្សារការងារ ការស្ថាបនាគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗ និងការផ្តួចផ្តើមរបស់រដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍រដ្ឋ Johor ដែលមានព្រំប្រទល់ជាប់ប្រទេសសិង្ហបុរី។
ការផ្គត់ផ្គង់លើសតម្រូវការនៅលើទីផ្សារអចលនទ្រព្យរបស់ប្រទេសម៉ាឡេសុី ក៏ត្រូវបានគេរំពឹងថា នឹងបន្ធូរបន្ថយបន្តិចម្តងៗ ហើយទំនុកចិត្តរបស់វិនិយោគិននឹងមានភាពប្រសើរឡើង។
យោងតាមការស្រាវជ្រាវរបស់ធនាគារវិនិយោគ RHB ដែលមានមូលដ្ឋាននៅទីក្រុងគូឡាឡាំពួ បានបង្ហាញថា ការលក់អចលនទ្រព្យនៅប្រទេសម៉ាឡេស៊ីត្រូវបានគេរំពឹងថា នឹងកើនឡើងចន្លោះពី១០ ទៅ១៥ភាគរយនៅឆ្នាំក្រោយ។
ធនាគារបានបន្តថា ការសម្រេចបានកំណើនតម្លៃលក់អចលនទ្រព្យសរុបក្នុងរង្វង់៩ភាគរយ ក្នុងរយៈពេល៩ខែដំបូងដើមឆ្នាំនេះ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន បង្ហាញឱ្យឃើញពីតម្រូវការដែលមានសុខភាពល្អសម្រាប់អចលនទ្រព្យក្នុងស្រុក។
ធនាគារ RHB បានបន្ថែមទៀតថា ការបន្ធូរបន្ថយតម្រូវការសម្រាប់កម្មវិធី Malaysia My Second Home (MM2H) ក៏ត្រូវបានរំពឹងថា នឹងជំរុញឱ្យជនបរទេសទិញអចលនទ្រព្យនៅក្នុងប្រទេសម៉ាឡេស៊ីផងដែរ។
ធនាគារក៏បានបន្ថែមដែរថា ទំនុកចិត្តលើវិស័យអចលនទ្រព្យរបស់ប្រទេសម៉ាឡេស៊ីត្រូវបានជះឥទ្ធិពលជាវិជ្ជមានដោយការអភិវឌ្ឍន៍ដ៏អំណោយផលលើគម្រោងរថភ្លើងល្បឿនលឿន Kuala Lumpur-Singapore និងគម្រោងផ្លូវដែកធុនស្រាល Penang៕Xinhua៕