ដោយ: គង់ លាងហួរ
ហាណូយ: យោងតាមប្រភពពីរដ្ឋាភិបាលបានឱ្យដឹងថា GDP របស់ប្រទេសវៀតណាមបានកើនឡើង៥,០៥% ក្នុងឆ្នាំ២០២៣ ដែលទាបជាងគោលដៅមួយភាគរយ ប៉ុន្តែនៅតែវ៉ាដាច់ប្រទេសជាច្រើនផ្សេងទៀត។
បើគិតក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ អត្រាកំណើនខាងលើបានកើនឡើងលើសតែឆ្នាំ២០២០ និងឆ្នាំ២០២១ ដែលជាឆ្នាំរងផលប៉ះពាល់យ៉ាងខ្លាំងដោយសារជំងឺរាតត្បាតប៉ុណ្ណោះ។
យោងតាមសារពត៌មានវៀតណាម VNExpress បានចុះផ្សាយនៅថ្ងៃសុក្រ ទី២៩ ខែធ្នូ ឆ្នាំ២០២៣នេះថា GDP របស់ប្រទេសវៀតណាម នៅក្នុងត្រីមាសទី៤ចុងក្រោយនៃឆ្នាំ២០២៣ បានកើនឡើង៦,៧២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
លោក Nguyen Thi Huong អគ្គនាយកនៃការិយាល័យស្ថិតិបានអត្ថាធិប្បាយអំពីលទ្ធផលសេដ្ឋកិច្ចរបស់វៀតណាម ដោយលោកបានគូសបញ្ជាក់ថា វាជាសមិទ្ធិផលគួរឱ្យកត់សម្គាល់ ស្របពេលដែលយើងកំពុងប្រឈមមុខនឹងបញ្ហានានានៅទូទាំងពិភពលោក។
លោកបានបន្តថា “កិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសវៀតណាមត្រូវបានបង្ហាញឱ្យឃើញច្បាស់តាមរយៈការកើនឡើងនៃអត្រាកំណើនសេដ្ឋកិច្ចប្រចាំត្រីមាស”។
នៅពេលនេះ GDP របស់វៀតណាមមានទំហំទឹកប្រាក់ចំនួន៤៣០ពាន់លានដុល្លារ ខណៈ GDP សម្រាប់ប្រជាជនវៀតណាមម្នាក់ៗ គឺ៤.២៨៤ដុល្លារក្នុងមួយឆ្នាំ ពោលគឺកើនឡើង៣,៨៨% បើធៀបនឹងឆ្នាំមុន។
សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ ដែលវាស់វែងអតិផរណាបានកើនឡើង៣,២៥% ពោលគឺទាបជាងគោលដៅរបស់រដ្ឋសភាវៀតណាម ដែលបានកំណត់ក្នុងរង្វង់ក្រោម៤% ។
វិស័យសេវាកម្មបានកើនឡើង៦,៨២% ជាមួយនឹងការកើនឡើងនៃការលក់រាយ ការដឹកជញ្ជូន ឡូជីស្ទីក ហិរញ្ញវត្ថុ ធនាគារ និងធានារ៉ាប់រង។
វិស័យឧស្សាហកម្ម និងសំណង់ប្រឈមមុខនឹងបញ្ហា ស្របពេលដែលតម្រូវការធ្លាក់ចុះ ដោយបានកើនឡើងត្រឹមតែ៣,០២% ប៉ុណ្ណោះ។ ចំណែក ការផលិត និងការកែច្នៃបានឈានដល់អត្រាកំណើនទាបបំផុតក្នុងរយៈពេល១៣ឆ្នាំ គឺ៣,៦២% ។
ពាណិជ្ជកម្មបានធ្លាក់ចុះ៦,៦% មកនៅត្រឹមទំហំទឹកប្រាក់៦៩៣ពាន់លានដុល្លារ ដោយសារបញ្ហាប្រឈមសេដ្ឋកិច្ចពិភពលោក ខណៈទឹកប្រាក់អតិរេកពាណិជ្ជកម្មឈានដល់២៨ពាន់លានដុល្លារ៕VNexpress៕