ដោយៈគង់ ហ្វីអូណា
ភ្នំពេញៈ វិស័យអចលនទ្រព្យកម្ពុជាក្នុងឆ្នាំ២០២៤ ខាងមុខនេះ ត្រូវបានអ្នកជំនាញនៃវិស័យនេះ សម្តែងការយល់ឃើញខុសៗគ្នា។
អ្នកជំនាញមួយចំនួនយល់ថា វិស័យនេះនឹងល្អឡើងវិញ ប៉ុន្តែមួយចំនួនទៀត មិនទាន់ហ៊ានដាក់ការព្យាករណ៍ថាល្អ ឬមិនល្អនោះទេ ពោលគឺស្ថិតនៅក្នុងភាពស្រពេចស្រពិលនៅឡើយ។ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក សន សៀប បានលើកឡើងថា ទីផ្សារអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជានាឆ្នាំ២០២៤ ហាក់មានភាពស្រពេចស្រពិល។ លោកលើកឡើងបែបនេះ ដោយយោងទៅលើស្ថានភាពវិបត្តិ នៃសង្គ្រាមរវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែន នៅមិនទាន់ដោះស្រាយចប់សព្វគ្រប់ ស្រាប់តែចូលមកដល់វិបត្តិ រវាងប្រទេសអ៊ីស្រាអែល និងប៉ាឡេស្ទីនចូលមកដល់ទៀត ។
លោកបន្តថា ស្ថានភាពសេដ្ឋកិច្ចពិភពលោក រួមទាំងសេដ្ឋកិច្ចកម្ពុជា អាចនឹងប្រសើរឡើងវិញ បានបើសិនជាបញ្ហាសំខាន់ៗលើពិភពលោក ត្រូវបានដោះស្រាយរួចរាល់នៅឆ្នាំ ២០២៤ខាងមុខ ។ នៅពេលស្ថានភាពពិភពលោកបានប្រសើរ ការវិនិយោគពីបរទេសនឹងអាចចូលមកកម្ពុជាច្រើនឡើងវិញ ស្របនឹងកម្ពុជានៅតែបន្តពឹងលើការវិនិយោគពីខាងក្រៅ។ ដូច្នេះហើយទើបកម្ពុជា បានខិតខំទាក់ទាញការវិនិយោគខាងក្រៅឱ្យបានកាន់តែច្រើន។
លោកក៏បានបង្ហើបពីទីតាំងមួយចំនួន សម្រាប់អ្នកវិនិយោគក្នុងវិស័យអចលនទ្រព្យ ដូចជាទីតាំងណាដែលមានសេដ្ឋកិច្ច នៅដំណើរការល្អ ហើយអាចនឹងល្អរហូតដល់ឆ្នាំ២០២៧ ឬយូរជាងនេះ ។ តែប្រភេទអចលនទ្រព្យ ដែលអ្នកវិនិយោគគួរវិនិយោគនោះ គឺប្រភេទអចលនទ្រព្យវិនិយោគរយៈពេលយូរអង្វែង និងមិនត្រូវរកប្រភេទណាដែលវិនិយោគរយៈពេលខ្លីនោះទេ ក្នុងដំណាក់កាលនេះ។
ប្រធានសមាគមរូបនេះបានបន្ថែមថា បច្ចុប្បន្ននេះ កម្ពុជាបាន និងកំពុងអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធជាច្រើន ដែលអាចនឹងទាក់ទាញការវិនិយោគបន្ថែមពីបរទេស ក្នុងនោះផ្លូវជាតិសំខាន់ៗបានបើកការដ្ឋានសាងសង់ និងលើកកម្ពស់ឡើងវិញ គម្រោងពង្រីកកំពង់ផែទឹកជ្រៅ ក្រុងព្រះសីហនុ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ បាវិត និងគម្រោងសិក្សាផ្លូវល្បឿនលឿនភ្នំពេញ សៀមរាប ប៉ោយប៉ែតជាដើម ។
ជាមួយគ្នានេះ លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងប្រធានKW Cambodia និងជាអ្នកអភិវឌ្ឍន៍បុរីវិមានសំណាង ដែលជាអ្នកជំនាញ និងជាអ្នកជំនាញ ក្នុងវិស័យនេះរាប់ទសវត្សរ៍បានលើកឡើងថា នៅឆ្នាំ២០២៤នេះ លោកមើលឃើញពីភាពប្រសើរឡើងវិញ នៃវិស័យអចលនទ្រព្យ ដោយលោករំពឹងថា វិបត្តិនិងបញ្ហាសកល នឹងអាចដោះស្រាយចប់នៅឆ្នាំ២០២៤ខាងមុខនេះ ហើយនឹងធ្វើឱ្យវិនិយោគិនបរទេស អាចស្វែងរកការវិនិយោគ ក្នុងនោះកម្ពុជាក៏ជាប្រទេសគោលដៅមួយរបស់វិនិយោគិនបរទេសដែរ ។
បើតាមការសង្កេតជាក់ស្ដែង រហូតដល់ចុងឆ្នាំ២០២៣នេះហើយ ស្ថានភាពនៃទីផ្សារអចលនទ្រព្យ ដូចជាទីផ្សារលំនៅឋាន ដែលមានផ្ទះជាប់ដី និងខុនដូ នៅតែបន្តជួបប្រទះនឹងបញ្ហាប្រឈម ជាក់ស្ដែងបុរីល្បីឈ្មោះ និងមានអតិថិជនច្រើនជាងគេ គឺបុរីពិភពថ្មីក្នុងរយៈពេល៥០ថ្ងៃចុងក្រោយនេះ លក់ផ្ទះបានត្រឹមតែជាង៩០ផ្ទះប៉ុណ្ណោះ ដែលក្នុងពេលជាមួយគ្នានោះ ក្រុមហ៊ុនបានទិញផ្ទះពីអតិថិជន ដែលមានបញ្ហាហិរញ្ញវត្ថុ ត្រលប់មកវិញរហូតដល់១២៦០ផ្ទះ៕